យុវជនម្នាក់ជិះម៉ូតូល្បឿនផ្តាច់ព្រលឹងបុកចំពីមុខឡានពេញទំហឹងបោកក្បាលលើថ្នល់ស្លាប់មួយរំពេច
ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូកាត់រាត្រីក្នុងល្បឿនផ្តាច់ព្រលឹងបានជ្រុលទៅបុករថយន្តបើកបរផ្ទុយទិសគ្នាចំពីមុខយ៉ាងពេញទំហឹងលាន់យ៉ាងកក្រើកថ្នល់ដោយអ្នកបើកបរម៉ូតូខ្ទាតបោកផ្ទប់ក្បាលនឹងថ្នល់ស្លាប់យ៉ាងសង្វេគ ហើយម៉ូតូ និងរថយន្តបានខូចខាតមួយកំណាត់មុខដូចគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣ និង ៤៥នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែររោងចក្រញូស្តារ ស្ថិតក្នុងភូមិ១ សង្កាត់ លេខ១ ក្រុងព្រះសីហនុ។
ប៉ូលីសចរាចរណ៍បានអោយដឹងថា៖ ជនរងគ្រោះដល់ជីវិតឈ្មោះ ធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខកំពត 1H -3996 ក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយរថយន្តម៉ាក កាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2L-5037 បើកបរដោយឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣០ មានទីលំនៅភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានមុខរបរបើកបររថយន្ត បើកបរក្នុងទិសដៅពីកើតទៅលិច ហើយសមត្ថកិច្ចបានឃាត់ខ្លួនក្រោយកើតហេតុ។
ប្រភពពីកន្លែងកើតហេតុបានអះអាងថា៖ នៅមុនកើតហេតុគេបានគេឃើញ ជនរងគ្រោះ បើកបរម៉ូតូចេញពីក្រុងព្រះសីហនុ ម្នាក់ឯងដោយល្បឿនលឿន ក្នុងស្ថានភាពប្រញ៉ាប់ ហើយមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តដែលមានទិសដៅបញ្ច្រាសគ្នា មានល្បឿនលឿនដូចគ្នា នៅចំពីមុខពេញទំហឹងនៅកណ្តាលទ្រូងថ្នល់ អូសប្រមាណជិតម្ភៃម៉ែត្រ ទើបរថយន្តឈប់ បន្ទាប់មកគេបានឃើញម្ចាស់រថយន្តនៅក្បែររថយន្តដោយពុំបានរត់គេចខ្លួនដូចករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនោះទេ រហូតជិតកន្លះម៉ោងទើបសមត្ថកិច្ចមកដល់ហើយបានឃាត់ខ្លួនតែម្តង។
ក្រោយកើតហេតុទាំងរថយន្តរួមជាមួយម្ចាស់ និង ម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ ចំណែកសាកសពត្រូវបានរថយន្តរបស់គ្លីនិកឯកជនរស្មីកំពង់សោមជួយដឹកយកទៅរក្សាទុកនៅវត្តក្រោមរងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យ ៕ ដោយ សមុទ្រខៀវ
http://ift.tt/1Geme66