អង្គរក្សលោកសម រង្ស៊ី ចំនួន៧នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ ជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖ អង្គរក្សរបស់លោក សម រង្ស៊ី ចំនួន៧នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅខេត្តព្រះសីហនុ បណ្ដាលឲ្យរងរបួសធ្ងន់៥នាក់ និង២នាក់រងរបួសស្រាល ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រះសីហនុភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង៣៥ នាទីលើផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រលេខ១៥៣ និង១៥៤ ភូមិ/ឃុំ សឹ្ទងឆាយ ស្រុកកំពង់សិលា។
យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ នៅវេលាម៉ោង ១៦ និង៣៥នាទីចន្លោះគីឡូមែត្រលេខ១៥៣ និង១៥៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង បណ្តាលមនុស្សចំនួន០៧នាក់រងរបួសធ្ងន់ និងស្រាល។ នៅមុនពេលកើតហេតុ គេឃើញរថយន្តតាកូម៉ាពណ៌ខ្មៅពាក់ស្លាកលេខ 2Z-0706 បានធ្វើដំណើរអមពីក្រោយរថយន្តរបស់លោកសម រង្ស៊ី ក្នុងទិសដៅពីខេត្តព្រះសីហនុមកភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុរថយន្តនេះក៏ឡើងវ៉ារថយន្តកុងតឺន័រ ស្របទិសគ្នា តែចៃដន្យឃើញរថយន្តកុងតឺន័រមួយទៀតមកក្នុងទិសដៅបញ្ច្រាសមកដល់ ក៏យកចង្កូតមកវិញបណ្តាលឲ្យជ្រុលធ្លាក់ផ្លូវទៅខាងស្តាំដៃក្រឡាប់ផ្ងារជើងឡើងលើមួយរំពេច ។
ប្រភពដ៏ដែលបានបន្តថា៖ ក្នុងហេតុការណ៍នេះបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់៦នាក់ និងរងរបួសស្រាលម្នាក់។ អ្នករងរបួសទាំង ៧នាក់ខាងលើជាអង្គរក្ស លោកសម រង្សី ត្រូវបានកម្លាំងប៉ូលិស និងឡានអង្គរក្សមួយគ្រឿងទៀតបានលើកអ្នករបួសឡើងរថយន្តយកទៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។ ជនរងរបួសទាំង៧នាក់នោះមានឈ្មោះ 1/ ហែម ចិន្តា របួសធ្ងន់ 2/ អ៊ុច សារិន. របួសធ្ងន់ 3/ ហេង រិទ្ធ របួសធ្ងន់ 4/ វ៉ាន់ ស៊ីម. របួសធ្ងន់ 5/ ស៊ិន វុធដា. របួសធ្ងន់ 6/ ភូ រ៉ាម៉ី របួសធ្ងន់ ជាអ្នកបើកបរ មានទីលំនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង 7/ ពូក ចិន្តា របួសស្រាល ។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៣ ក្រុមគណៈប្រតិភូលោក សម រង្សី បានធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីបំពេញទស្សនៈកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសមាជិការខេត្តព្រះសីហនុ ហើយនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅពេលក្រុមការងាររបស់លោកត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញក៏បានជួបឧប្បត្តិហេតុគ្រោះថ្នាក់តែម្តង បណ្តាលអោយអង្គរក្សចំនួន៧នាក់រងរបួសធ្ងន់ និងស្រាលហើយពុំបណ្តាលឲ្យនរណាស្លាប់នោះទេ៕ សមុទ្រខៀវ
http://ift.tt/1G9SunK