ព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី រងការចោទប្រកាន់ថាដើរយកដីគេ យកទៅចែកឲ្យបក្ខពួកបង្កើតការស្មុគស្មាញដល់អាជ្ញធរមូលដ្ឋាន
ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ឈ្មោះ មុត ចាន់ណាវី (ជាភរិយារបស់សពលោកអនុសេនីយ៍ត្រី អ៊ិន សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថស្រសំរោទង) បានចេញមុខមកទាមទារដីមួយកន្លែកដែលបានអះអាងថាដីនោះជាដីរបស់គាត់ដែលមានទំហំក្បាលដី ៥០ម៉ែត្រគុណនឹង ១៦៥ម៉ែត្រ មានទីតាំងនៅខាងត្បូងក្លោងទ្វារទល់មុខវត្តជ្រោះព្រះគន្លងខាងលិចរបង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកស្រីទទួលដំណឹងថា មានគេឈូសសំអាតគ្រប់គ្រងដីនោះ។
បើតាមកាអះអាងពីលោកស្រី មុត ចាន់ណាវី ដែលបានប្តឹងជំទាស់រកមុខអ្នកឈូសឆាយយកដីរបស់គាត់នោះបានប្រាប់ លោកមេភូមិថ្លុកដូនសុខ ក៏ដូចលោកមេឃុំក្រាំងអំពិល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤នេះថា ដីទំហំខាងលើនេះគាត់មានឯកសារកាន់កាប់ដែលចេញ និងចុះហត្ថលេខាដោយ ព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី ដែលផ្តល់ឲ្យគ្រួសារគាត់ជាដីសម្បទានវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១។ លោកស្រី មុត ចាន់ណាវី បានទាមទារឲ្យអាជ្ញាធរភូមិ និងឃុំជូយរកយុត្តិធម៌ទប់ស្កាត់អ្នកយកដីរបស់គាត់នោះ។ ហើយគាត់បានទាមទារឲ្យ លោកមេភូមិថ្លុកដូនសុខ និងលោកមេឃុំគ្រាំងអំពិលប្រាប់ឈ្មោះអ្នកលក់ និងអ្នកទិញដីរបស់គាត់។
ជាមួយនឹងសំណូមពរ និងការទាមទារដីរបស់ លោកស្រី មុត ចាន់ណាវី ទំហំ និងចំណុចខាងលើ អាជ្ញាធរ ទាំងភូមិ និងឃុំមិនឯកភាពធ្វើតាមបានទេ ដោយបញ្ជាក់ថា លិខិតកាន់កាប់នោះជាលិខិតឯកជនមិនផ្លូវការគ្មានគតិយុទ្ធផ្នែកផ្លូវច្បាប់ហើយវាកំពុងតែបំពានលើសិទ្ធិកាន់កាប់ដីស្របច្បាប់ ដែលអ្នកកាន់កាប់ដីនោះមានទំហំសរុប ៤,០៩១១ហិកតា (៤០៩១១ម៉ែត្រការ៉េ) មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ភូមិបាល។
លោក ផ ពីវ បច្ចុប្បន្នរស់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគាត់បានអះអាងខ្លួនគាត់ថា ជាអ្នដែលត្រូវបាន លោកស្រី មុត ចាន់ណាវី រំខានដោយមានបំណងទុច្ចរឹតមកដណ្តើមយកដីរបស់គាត់ ដោយសំអាងលើក្រដាសមួយសន្លឹកឃុបឃិតគ្នាក្រៅច្បាប់ដែលព្រះចៅអធិការវត្តជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី ប្រើឥទ្ធិពល និងអំណាចខុសច្បាប់ថាវត្តមានដីសម្បទានចែកឲ្យគាត់ ប៉ុន្តែដីនោះវាមិនមែនជាដីរបស់ព្រះចៅអធិការវត្តនោះទេ ព្រោះដីនោះមានម្ចាស់មានប្លង់កាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវពុំមែនជាប្រភេទដីអនាធិបតេយ្យដូចការគិតរបស់ពួកគេទេ។
លោក ផ ពីវ បានឲ្យដឹងថា៖ លោកបានទិញដីទំហំ៤,០៩១១ហិកតា ស្មើនឹង៤០៩១១ម៉ែត្រការ៉េ ដែលមានទី តាំងស្ថិតនៅក្នុងភូមិថ្លុកដូនសុខ ឃុំគ្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីប្តីឈ្មោះ ចាន់ គឿយ ប្រពន្ធឈ្មោះ ស៊ាន ហ្គេចហ័ង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ដោយមានលិខិតកិច្ចសន្យាលក់ និងផ្ទេរសិទ្ធិកាន់កាប់ដីធ្លីបញ្ជាក់ និងទទួលស្គាល់ពីអាជ្ញាធរភូមិឃុំត្រឹមត្រូវដែលជាឯកសាររបស់ម្ចាស់ដើម ។ ប៉ុន្តែនៅពេលគាត់ដែលឈូសឆាយដីរៀបចំដាំដំណាំស្រាប់តែលោក ស្រី មុត ចាន់ណាវី មកជំទាស់ថាដីមួយចំណែកនោះជាដីរបស់គាត់ ដែលនៅក្នុងប្លង់ដីទាំងមូលនោះគ្មានចែងទាល់តែសោះ។
លោក ផ ពីវ បានរំលឹកឲ្យដឹងថា៖ បើមើលតាមឯកសារដើមប្លង់ដីដែលគាត់កាន់កាប់នោះគាត់ជាមនុស្សទី៣ទៅហើយ។ បើពិនិត្យអ្នកកាន់កាប់លើឯកសារប្លង់នោះទីមួយឈ្មោះ រ័ត្ន តារា ដែលគាត់បានប្រមូលទិញពីប្រជាពលរដ្ឋចំនួន១៩គ្រួសារក្នុងអំឡុងឆ្នាំ២០០៥ មានទំហំដីសរុប ៨,៩៨២៨៥៩ហិកតា ស្មើនឹង ៨៩៨២៨.៥៩ម៉ែត្រការ៉េ ហើយលោក រ័ត្ន តារា បានលក់ដីនោះឲ្យមកឈ្មោះ ស៊ាន ហ្គេចហ័ង ប៉ុន្តែនៅក្នុងដំណាក់កាល ស៊ាន ហ្គេចហ័ង គ្រប់គ្រងដីនោះបាត់បង់អស់ជិត៥ហិកតា ដោយសារព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី រំលោភបំពានយ៉ាងកំរោលយកធ្វើជាសម្បត្តិវត្ត ដែលធ្វើឲ្យដីនោះសល់តែចំនួនទំហំ៤,០៩១១ហិកតា ស្មើនឹង៤០៩១១ម៉ែត្រការ៉េ ដែលជាប្លង់ចុងក្រោយគាត់ទិញតពីឈ្មោះ ស៊ាន ហ្គេចហ័ង នេះ។ ជាមួយនឹងកាឈឺចាប់នោះ ស៊ាន ហ្គេចហ័ង បានឧទ្ទិសថាដូចគាត់ផ្តល់ដីជិត៥ហិកតាធ្វើបុណ្យកសាងវត្តនោះទៅចុះ ដោយគេឃើញ ស៊ាន ហ្គេចហ័ង ដែលជាជនរងគ្រោះនោះមិនបានប្តឹងទាមទារវិញនោះទេ។
លោក ផ ពីវ បានបញ្ជាក់ឲ្យដឹងទៀតថា៖ បើមើលតាមឯកសារដីរបស់ ស៊ាន ហ្គេចហ័ង ក្រៅតែពីព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី រំលោភយកដីនោះ ព្រះអង្គបានប្រើអំណាចខុសច្បាប់ បង្គាប់ឲ្យ លោកអនុសេនីយ៍ត្រី អ៊ិន សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកសំរោទង មករស់នៅលើដី ស៊ាន ហ្គេចហ័ង បន្ថែមទៀត ដែលទន្ទ្រានយកទំហំក្បាលដី ៥០ម៉ែត្រគុណនឹង ១៦៥ម៉ែត្រ ដែលព្រះអង្គប្រើអំណាចផ្ទាល់ខ្លួនចាត់ចែងលើសម្បត្តិអ្នកដ៏ទៃទាំងបំពានច្បាប់រដ្ឋយ៉ាងគឃ្លើនមិនខ្លាចបាបបុណ្យទាល់តែសោះ។ រឿងនេះឯងបានបន្សល់ទុកឲ្យលោកស្រី មុត ចាន់ណាវី ក្រោយពីប្តីគាត់បានស្លាប់ទៅហើយនោះបានមកទាមទារកាន់កាប់ដោយមានការគាំទ្រខុសច្បាប់ពីព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី ដែលសុទ្ទសឹងតែជាអំពើល្មើសច្បាប់គ្មានសេចក្តីអៀនខ្មាស់មិនខ្ពើមបាបទាល់តែសោះ។ ជាការពិតកន្លងមក ព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី ជាតួអង្គដ៏ល្បីល្បាញបង្កឲ្យមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋដែលមានដីនៅជាប់ក្បែរៗវត្តជាហូរហែ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលដោយសារតែព្រះអង្គតាំងខ្លួនជាអ្នកមានអំណាចជាចអាជ្ញាធរ។
បើទោះយ៉ាងណាលោក ផ ពីវ បានបញ្ជាក់ថា៖ លោក មិនបានបំពាន កាន់កាប់ដីលោកស្រី មុត ចាន់ណាវី អ្វីនោះទេ លោកកាន់កាប់តែដីដែលបានទិញយ៉ាងត្រឹមត្រូវពីឈ្មោះ ស៊ាន ហ្គេចហ័ង ដែលមានប្លង់ទំហំដីបានបញ្ជាក់ និងទទួលស្គាល់តាមផ្លូវច្បាប់ពីអាជ្ញាធរ។ ហើយប្រសិនបើលោកស្រី មុត ចាន់ណាវី មានឯកសារកាន់កាប់ត្រឹមត្រូវស្របច្បាប់ការទាមទារនោះច្បាស់ជាមានលទ្ធផល តែបើគ្មានឯកសារស្អីផងនឹងមកទារដែរ ចុះបើខ្ញុំធ្វើជាអ្នកមិនដឹងខ្យល់អីដែរនោះ! ហើយប្រាប់ទៅលោកស្រី មុត ចាន់ណាវី ថាខ្ញុំអាណិតគាត់ ខ្ញុំឲ្យដីវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង នោះមួយចំហៀងទៅយកចុះ! សួរថាយកបានដែរឬទេ? ច្បាស់ជាមិនបានទេព្រោះវាខុសច្បាប់។ វាមិនអាចមានជនទំនើងថ្លើមធំក្រៅច្បាប់ណាសូម្បីតែម្នាក់មានសិទ្ធិអំណាចចេញលិខិតផ្លូវច្បាប់ទទួលស្គាល់សិទ្ធិគ្រប់គ្រងដីធ្លីគ្រប់ប្រភេទជួសអាជ្ញាធរ និងភូមិបាលស្រុកខេត្តនោះទេ ប៉ុន្តែសោកស្តាយណាស់មកដល់ថ្មើរនេះទៅហើយនៅជនមានគតិអនាធិបតេយ្យប្រព្រឹត្តរឿងនេះទៀតមុខក្រាសមិនព្រមយល់ដឹង និងខ្មាស់អៀន ៕ កញ្ញានិរតី
ព្រះចៅអធិការវត្តវិបស្សនាភ្នំជ្រោះព្រះគន្លង ព្រះនាម សូ រិទ្ធី
http://ift.tt/1yeaeRo