ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រារព្ធខួប៦៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម
ភ្នំពេញ៖ ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលដឹកនាំដោយលោក ថាច់ សេដ្ឋា បានរៀបចំប្រារព្ធខួប៦៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៥នេះ នៅក្នុងបរិវេណវត្តពោធិយ៉ារាម ហៅវត្តចាស់ នៅត្រើយខាងកើត ទល់មុខព្រះបរមរាជរាំង។ តើទឹកដីកម្ពុជាក្រោមបានធ្លាក់ក្រោមការកាន់កាប់របស់វៀតណាមតាំងពីពេលណា? ហើយថាតើហេតុអ្វីបានជាបារាំងកាត់ទឹកដីកម្ពុជាក្រោម ឬកូសាំង ស៊ីនទៅឲ្យវៀតណាមគ្រប់គ្រងជាផ្លូវការនៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ១៩៤៩នោះ?
ដើម្បីរំលឹកខួប៦៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម សហគមន៍ខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយ លោកថាច់ សេដ្ឋាបានរៀបចំប្រារព្ធពិធីនេះ នៅក្នុងទីក្រុងភ្នំពេញ ដោយមានកម្មវិធីរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩ អង្គ នៅក្នុងបរិវេណវត្តចាស់ ត្រើយខាងកើត ទល់មុខព្រះបរបរាជវាំង នៅព្រឹកថ្ងៃទី ៤ មិថុនានេះ។ ក្រៅពីពិធីបែបព្រះពុទ្ធសាសនានេះហើយ ក៏នៅមានកម្មវិធីបង្ហាញពីឯកសារជាច្រើនផ្សេងទៀត ស្តីពីទឹកដីកម្ពុជា ដែលសហគមន៍ទើបតែយកមកពីបណ្តាល័យនៅក្នុងប្រទេសបារាំង។
យោងតាមប្រវត្តិសាស្ត្រ ទឹកដីកម្ពុជាក្រោម ឬហៅថា កូសាំងស៊ីនរបស់នគរខ្មែរ ត្រូវបាននគរអាណ្ណាម ចូលមកកាន់កាប់ និងកាត់យកទៅធ្វើជាទឹកដីរបស់ខ្លួនចាប់តាំងពីក្នុងអំឡុងសតវត្សរ៍ទី១៧ មុននឹងត្រូវបារាំងច្បាំងដណ្តើមយកមកកាន់កាប់នៅឆ្នាំ ១៨៦២។ #សហភាពឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩ ត្រូវបែងចែកជា ៥រដ្ឋផ្សេងគ្នា គឺ កម្ពុជា ឡាវ តុងកឹង (វៀតណាមខាងជើង) អាណ្ណាម (វៀតណាមកណ្តាល) និងកូសាំងស៊ីន (កម្ពុជា ក្រោម) ដែលស្ថិតនៅប៉ែកខាងត្បូងវៀតណាមបច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និងអាណ្ណាម ថ្វីដ្បិតតែត្រូវស្ថិតក្រោមអំណាចអាណានិគមបារាំង ក៏ប៉ុន្តែ នៅមានទម្រង់ជាប្រទេស និងមានអំណាចនយោបាយដាច់ពីបារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីនត្រូវបានបារាំងកាត់យកមកធ្វើជាអាណាខេត្តរបស់ខ្លួន ទាំងស្រុង ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ។
នៅឆ្នាំ១៨៦៤ នៅក្រោយពេលដែលព្រះបាទនរោត្តមព្រមដាក់កម្ពុជាឲ្យស្ថិតក្រោម អាណាព្យាបាលបារាំង លោក Pierre-Paul de la Grandière ទេសាភិបាលបារាំងនៅកូសាំងស៊ីន ធ្លាប់បានសន្យាថានឹងជួយកម្ពុជាឲ្យយកមកវិញនូវទឹកដីដែលបាត់បង់ ទៅប្រទេសជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យានេះ បារាំងបានធ្វើតែចំពោះទឹកដីដែលខ្មែរបាត់បង់ទៅសៀមតែប៉ុណ្ណោះ។ ចំពោះទឹកដីកម្ពុជាក្រោមវិញ បន្ទាប់ពីបានដណ្តើមពីវៀតណាមមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន អស់រយៈពេលជិត១សតវត្សរ៍ បារាំងស្រាប់តែបានប្រគល់ទៅឲ្យវៀតណាមវិញ នៅឆ្នាំ១៩៤៩ ដោយមិនកាត់មកឲ្យខ្មែរដែលជាម្ចាស់ដើមនោះទេ។
ការណ៍ដែលបារាំងសម្រេចកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រូវបាន ធ្វើឡើង នៅក្នុងបរិបទនៃសង្គ្រាមឥណ្ឌូចិន ដែលបារាំងត្រូវប្រឈមមុខនឹងចលនាឧទ្ទាមកុម្មុយនិស្តវៀតណាម គឺពួកវៀតមិញ។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំងក៏បានអនុម័តច្បាប់មួយបញ្ចប់លក្ខន្តិកៈជាទឹកដីនៅនាយ សមុទ្ររបស់កូសាំងស៊ីន ដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះ ទៅជាមួយនឹងប្រទេសវៀតណាម៕
http://ift.tt/1KcEpMz