កាប់គេ២កាំបិតរបួសធ្ងន់ សមត្ថកិច្ចទៅចាប់ខ្លួនដេញកាប់ទៀត តែបាញ់គម្រាមជនដៃដល់៤គ្រាប់ទើបគេទម្លាក់កាំបិតព្រមអោយចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានផ្ទុះអាវុធ៤គ្រាប់ បាញ់គម្រាមជនសង្ស័យដែល បានកាប់បុរសម្នាក់អោយរបួសធ្ងន់ ហើយប៉ុនប៉ងកាប់សមត្ថកិច្ចទៀត ទើបគេព្រមម្នាក់ទម្លាក់កាំបិតចុះ ព្រមអោយចាប់ខ្លួន។ មិនតែប៉ុណ្ណោះពេលសមត្ថកិច្ចនាំខ្លួនតាម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុក ជនសង្ស័យ បានហក់ពីលើម៉ូតូរុញនគរបាលម្នាក់អោយចូលរថយន្តក្រុងម្តងទៀត តែមិនបានសម្រេច ព្រោះសមត្ថកិច្ចដឹងខ្លួនទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលា៤ និង៣០នាទីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅ ភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
លោក ទឹម ចន្ទី អធិការនគរបាលស្រុក រលាប្អៀរបាននិយាយថា៖ ជនសង្ស័យរូបនោះមានឈ្មោះ ឈឹម សួង ហៅភឿក អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ឈាង អាយុ៥៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ លោកបាននិយាយអោយដឹង ដោយបានស្រង់សំដីជនសសង្ស័យថា៖ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ូ ឈាង បានផឹកស្រវឹងមិនដឹងមកពីណាទេ បានដើរចូលមកផ្ទះជនសង្ស័យ ហើយបានប្រើអោយជនសង្ស័យទៅទិញស្រាមកផឹក តែជនសង្ស័យមិនព្រមទៅទិញ ហើយគេក៏បានដើរទៅទាត់ចង្ក្រានបាយរបស់ជនដៃដល់ និងបានទាត់គូថជនដៃដល់១ជើងទៀត និងបានស្រវាយកដំបងបំណងវាយជនដៃដល់ ទើបពេលនោះជនដៃដល់ក៏បានស្រវាយកកាំបិតកកុកអត់ដងកាប់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្តាលរងរបួសធ្ងន់ គឺចំក្បាល១កាំបិត និងចំកញ្ចឹងក១កាំបិត។ជនរងគ្រោះត្រូវបានក្រុមគ្រួសារក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះព្យាបាលល។
ពេលសមត្ថកិច្ចទៅដល់ចាប់ខ្លួនជនដៃដល់ ពេលនោះជនដៃដល់បានកាន់កាំបិតកកុកមកជាមួយតែម្តង ហើយបានដេញកាប់សមត្ថកិច្ចស្ទុះរត់ចេញពីរបងផ្ទះស្ទើមិនទាន់ ។ បន្ទាប់មកសមត្ថកិច្ចបានចូលទៅជាថ្មីទៀតជនសង្ស័យបានយកកាំបិតមកគម្រាមកាប់សមត្ថកិច្ចម្តងទៀត ទើបសមត្ថកិច្ចបានបាញ់ឡើង លើចំនួន៣គ្រាប់គម្រាមអោយទម្លាក់កាំបិតចុះ តែឈ្មោះ ឈឹម សួង ជាជនដៃដល់ និងជាអតីតយោធានៅតែមិនព្រមទម្លាក់កាំបិតចុះទៀត បន្ទាប់មកសមត្ថកិច្ចក៏បាញ់ភ្ជុចដី ក្បែរកែងជើងគម្រាមមួយគ្រាប់ទៀត ទើបជនដល់ដៃទម្លាក់កាំបិតកកុក ព្រមអោយចាប់ខ្លួន។
ករណីមួយទៀត ពេលសមត្ថកិច្ចដឹកជនដៃដល់តាមម៉ូតូមកតាមផ្លូវ ជនដៃដល់បានប៉ុនប៉ងធ្វើរឿង មួយទៀតដើម្បីចង់គេចខ្លួន គឺពេលមានឡានក្រុងមកពីក្រោយ ជនដៃដល់ បានលោតចុះពីលើម៉ូតូបំណងរុញម៉ូតូនិងលោក យឹម សុផល នាយផ្នែកព្រហ្មទ័ណ្ឌ ជាអ្នកឌុបជនដៃដល់ ចូលរថយន្តក្រុង តែមិនសម្រេច ត្រូវសមត្ថកិច្ចដឹងខ្លួននិងទប់ខ្លួនមិនអោយដួលចូលក្នុងរថយន្ត គឺគ្រាន់តែដួលរបួសស្រាលបន្ទាប់មកលោក យី ធីមនាយប៉ុស្តិ៍រលាប្អៀរ ជិះម៉ូតូមកពិក្រោយចាប់ខ្លួនជាថ្មីម្តងទៀត។
ចំណេកជនរងគ្រោះឈ្មោះ អ៊ូ ឈាន ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តវិញបាននិយាយនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះថា៖គាត់ពិតជាបានដើចូលទៅផ្ទះជនដៃដល់មែន តែមិនបានធ្វើអ្វីទេ ក៏ត្រូវជនដៃដល់កាប់មកលើខ្លួនទាំងកំរោលតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនមកកាន់ ស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីអោយការិយាល័យជំនាញបំពាញសំណុំរឿងបន្ថែម បញ្ជូនទៅ តុលា ការខេត្តផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1dALEAQ