អង្គការកុមារកំព្រាតា ហ៊្វុយសូ ទើបទទួលបានអំណោយច្រើនមិនធ្លាប់មានល្ងាចមិញ
តារាកំប្លែងជើងចាស់ ស៊ូ សាវ៉ាង ហៅ ហ៊្វុយសូ
អង្គការរបស់តារាកំប្លែងជើងចាស់ ស៊ូ សាវ៉ាង ហៅ ហ៊្វុយសូទើបតែ បានទទួលអំណោយយ៉ាងច្រើនមិនធ្លាប់មានក្នុងរយៈពេលជាង១០ឆ្នាំមកនេះពីក្រុមនិស្សិតក្លឹប UPSTV នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញ។
អំណោយដែលអង្គការនេះទទួលបានមាន ថវិកា ៦០ម៉ឺនរៀល អង្ករ៣បាវ (១៥០គ.ក្រ) មី៥កេស ត្រីខកំប៉ុង៣០កំប៉ុង ទឹកស៊ីអ៊ីវ៣០ដប ទឹកត្រី៣០ដប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រ លុប ភេសជ្ជៈជាច្រើនមុខទៀត។
ក្នុងពេលទទួលអំណោយ លោក ហ៊្វុយសូ បានសម្ដែងការត្រេកអរចំពោះសន្ដានចិត្តសប្បុរស របស់សប្បុរសជន។ លោកថ្លែងថា ៖«ខ្ញុំរីករាយណាស់! អរគុណដល់ក្រុមក្មួយៗនិស្សិត និងសប្បុរសជនទាំងអស់ ដែលយកអំណោយឱ្យអង្គការខ្ញុំ ហើយមិនដែលមានអ៊ីចឹងទេ…មានទាំងថវិកាផង…ខ្ញុំសប្បាយចិត្តមែនទែន»។
តំណាងនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ លោក ស៊ូ វិសេសស័ក្កសិទ្ធ បានប្រាប់ Sabay ថា អំណោយដែលយកមកចែកជូននេះ គឺបានមកពីសប្បុរសជននានា បានពីរៀបចំកម្មវិធី “រាំដើម្បីសប្បុរសធម៌” និងការលក់វត្ថុអនុស្សាវរីយ៍ ភេសជ្ជៈ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។
ទន្ទឹមនឹងនោះដែរលោក ហ៊្វុយសូ សុំអំពាវនាវដល់សប្បុរសជនទាំងឡាយ ឱ្យឧបត្ថបម្ភបន្ថែមដល់អង្គការមួយនេះ ដើម្បីជួយដល់កុមារកំព្រាកម្ពុជា ដែលកំពុងជួបការលំបាក ក្នុងការហូបចុកនិងរៀនសូត្រ។
អង្គការ N.A.C.A ជាអង្គការតូចមួយ បង្កើតឡើងក្នុងឆ្នាំ២០០១ ហើយបច្ចុប្បន្នបានផ្ដល់ជម្រក ដល់កុមារកំព្រាកម្ពុជា អាយុចាប់ពី២ឆ្នាំ១៦ឆ្នាំចំនួន២០នាក់៕
ចង់ចូលរួមជួយកុមារកំព្រា NACA ល្ងាចនេះដែរ?
អត្ថបទ៖ អ៊ុំ សុភក្តិ
http://ift.tt/1HetIaZ