ទឹកត្របកផ្កាកុលាបមានប្រយោជន៍ចំពោះសម្រស់ច្រើនយ៉ាង
ផ្កាកុលាបមិនត្រឹមតែមានក្លិនក្រអូប និងជាផ្កាតំណាងឲ្យក្ដីស្រលាញ់តែមួយមុខប៉ុណ្ណោះទេ តែវាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់តាំងពីសម័យបុរាណមកផងដែរ។ នាពេលបច្ចុប្បន្ននេះ គេប្រើវាជាដាក់ត្រាំទឹកពេលស្ប៉ា ដែលវាបានផ្ដល់ប្រយោជន៍ដល់សម្រស់បានយ៉ាងច្រើន។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកផ្កាកុលាបចំពោះសម្រស់៖
១. ជួយថែរក្សាស្បែកឲ្យស្អាត
ងូតទឹកត្រាំត្របកផ្កាកុលាបធ្វើឲ្យស្បែកស្អាតទន់ ក្រអូប ពន្យារភាពចាស់ និងកម្ចាត់ចេញជាតិប្រេង និងភាពកខ្វក់ចេញពីស្បែក។ ទឹកត្របកផ្កាកុលាបជួយបន្តឹងស្បែក ផ្ដល់សំណើម និងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។
២. រក្សាស្បែករង្វង់ភ្នែក
ទឹកត្របកផ្កាកុលាបអាចជួយថែរក្សាស្បែកជុំវិញត្របកភ្នែកបានយ៉ាងប្រសើរ។ យកក្រណាត់ស្អាតជ្រលក់ចូលក្នុងទឹកត្រាំត្របកផ្កាកុលាប រួចជូតថើរៗលើស្បែកត្របកភ្នែក ដែលវាជួយផ្ដល់សំណើម និងធ្វើឲ្យរង្វង់ភ្នែកស្រស់បស់ឡើង។
៣. បំបាត់មុន
អ្នកអាចប្រើទឹកត្រាំត្របកផ្កាកុលាបដើម្បីបំបាត់មុនមុនជាំបាន ដោយគ្រាន់តែយកទឹកផ្កាកុលាបមកលាបស្រាលៗលើកន្លែងដែលមានមុន។ ម្យ៉ាងទៀត យកទឹកត្រាំត្របកផ្កាកុលាបលាយជាមួយចន្ទន៍ក្រស្នា និងទឹកក្រូចឆ្មាជួយបំបាត់ស្លាកស្នាមផ្សេងៗបានផងដែរ។
៤. ថែបំប៉នសក់ក្បាល
ទឹកត្របកផ្កាកុលាបជួយបំប៉នសក់ក្បាលតាំងពីឫស ដល់ចុងសក់ ព្រមទាំងថែរក្សាស្បែកក្បាលតាមបែបធម្មជាតិបានយ៉ាងល្អ។ គេអាចយកវាធ្វើជាសាប៊ូកក់សក់ ដើម្បីការពារសក់ជ្រុះ និងជួយបន្ទន់សក់ផងដែរ។
វិធីធ្វើ៖
ដំបូងឡើងត្រូវដាក់សន្លឹកត្របកផ្កាកុលាបស្រស់ៗទៅក្នុងក្រឡមួយ រួចចាក់ទឹកចូលត្រាំសំបកផ្កានោះ ដោយត្រូវយកទៅដាក់ឲ្យត្រូវពន្លឺថ្ងៃរយៈពេលពីរទៅបីថ្ងៃឲ្យវាចេញជាតិប្រេងដែលអាចយកមកប្រើការបាន។
គួរបញ្ជាក់ផងដែរថា ទឹកផ្កាកុលាបគេអាចយកទៅច្នៃធ្វើជាភេសជ្ជៈសម្រាប់ញ៉ាំ ដើម្បីឲ្យស្បែកស្អាតភ្លឺថ្លាដោយវាសំបូរសារធាតុវីតាមីនA, C, D, E និងB3 និងធាតុប្រឆាំងអុកស៊ីតកម្ម ។ ម៉្យាងគេអាចយកវាមកលាបស្បែកឲ្យស្អាតការពារកុំឲ្យស្បែកស្ងួត ឬយកលាបត្រង់កន្លែងសត្វល្អិតខាំ ដោយបន្ថយអាការៈរមាស់ក្រហាយបាន៕
ចុចអាន៖ វិធីងាយៗ១០យ៉ាង សម្រាប់អ្នកចង់ឲ្យប្រអប់ដៃទន់ស្រឡូន
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ wellnessbin