ចោរម្នាក់ចូលលួចកុំព្យួទ័រ១គ្រឿង នៅក្នុងស្នាក់ការអង្គការមួយមានកាមេរ៉ាសុវត្ថិភាព ត្រូវសមត្ថកិច្ច តាមចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាចោរមា្នក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួនព្រោះតែបានធ្វើសកម្មភាព ចូលលួចកុំព្យួទ័រ១គ្រឿងក្នុង ស្នាក់អង្គការ សូពន្លឺអភិវឌ្ឍន៍កម្ពុជា សាខាខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិត ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង កាលពីវេលាម៉ោង២និង៣០នាទី ទាបភ្លឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នៅមុខរោងម៉ាស៊ីនទឹកកកបឹងធំ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចោទប្រកាន់ពីបទចោរកម្ម។
លោក ទេព សារ៉ាត់ នាយនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តបានអោយដឹងថា៖ ជនសង្ស័យរូប នោះ មានឈ្មោះ អោប រ៉ុង អាយុ២៩ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ពពូល សង្កា ត់ កំពង់ឆ្នាំង។ នៅព្រឹក ថ្ងៃទី០៣ ខែមិថុនា មន្ត្រីស្នាក់ការអង្គការ សូពន្លឺអភិវឌ្ឍន៍កម្ពុជា សាខាខេត្តកំពង់ឆ្នាំង បានប្តឹងថា៖ មានចោរចូលលួចសម្ភារៈ ក្នុងស្នាក់ការកាលពីយប់ គឺបានបាត់កុំព្យូទ័រ ឡេបថម ម៉ាក អាស័រ ១គ្រឿង ពេលនោះលោកបានដឹកនាំកម្លាំង សហការជាមួយនគរបាលក្រុង កំពង់ឆ្នាំងចុស្រាវជ្រាវក្នុងករណីចោរកម្មនេះដោយបានស្នើសុំអោយតំណាងអង្គការខាងលើជួយបើកកាមេរ៉ាសុវត្ថភាព ហើយសមត្ថកិច្ចនគរបាលក្រុង បានស្គាល់មុខសញ្ញាច្បាស់ណាស់ ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្ត ក្នុងរឿងលួចអាវុធ។
ក្រោយពីស្គាល់មុខសញ្ញាច្បាស់លាស់ហើយ សមត្ថកិច្ចក៏ទៅចាប់ជនសង្ស័យពីលើឡានដឹកទឹកកកខណៈដែលជនសង្ស័យរូបនោះជាកម្មករលីសែងទឹកកកអោយគេ ។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យរូបនោះមកកន្លែងស្នាក់នៅ ហើយបានធ្វើការឆែកឆេរ ឃើញកុំព្យូទ័រ ដែលជនសង្ស័យលួចយកមកលាក់ទុកមួយគ្រឿងជាវត្ថុតាង ក្រៅពីនោះសមត្ថកិច្ចបានដកហូតបានថ្នាំលាបជញ្ជាំង២ថង់ និងសម្ភារៈដែលបម្រើឲ្យការសេពគ្រឿងញៀនមួយចំនួនទៀត ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង តាមផ្លូវច្បាប់បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1IjQOij