យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត ខណៈបញ្ជូនទៅមន្ទីរពេទ្យខេត្តបានស្លាប់តាមផ្លូវ
ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករថយន្តកំពុកបើកបរ បញ្ច្រាសទិសគ្នាចំពេញទំហឹងកៀបជាប់នឹងរថយន្តកាលពីវេលាម៉ោង១៣និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចំណុចចំណោទបិទត្រាំង ស្ថិតក្នុងភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ជនរងគ្រោះបានស្លាប់តាមផ្លូវខណៈពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ជើងគោកខេត្តព្រះសីហនុ ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ឡោ ទួច ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានមុខរបរកម្មកទូក ស្នាក់នៅបណ្តោះអាសន្នសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានស្លាប់នៅពេលបញ្ជូនមកកាន់មន្ទីពេទ្យ។
លោកបន្តថា៖ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាដ្រីមពណ៌ខ្មៅ សេរី២០០៤ គ្មានស្លាកលេខ បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត(ពីក្រុងព្រះសីហនុឆ្ពោះទៅកាន់ឃុំបឹងតាព្រហ្ម) ក្នុងល្បឿនលឿនរេចូលរថយន្តម៉ាក តាកូម៉ាពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2C- 2813 ក្នុងគន្លងខាងស្តាំនៃរថយន្តចំពាក់កណ្តាលរថយន្ត បណ្តាលអោយកៀបជាប់រថយន្ត ចំណែកបុរសអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនក្រោយកើតហេតុ ។
សាក្សីបានឃើញហេតុការណ៍ឈ្មោះ កុលយាំងហ្គោ ភេទ ប្រុស អាយុ២២ឆ្នាំ ជាកម្មកទូកដូចគ្នាដែលជិះម៉ូតូក្បែរគ្នា បាននិយាយថា៖ ចំពោះហេតុដែលបណ្តាលឈ្មោះ ឡោ ទួចនេះជួបគ្រោះថ្នាក់នេះ រូបលោកក៏ពុំបានដឹងច្បាស់ដែរ ព្រោះជនរងគ្រោះខាងលើជិះម៉ូតូនៅក្រោយរូបលោក នៅពេលបុករួចហើយទើបដឹង។ ប្រភពដ៏ដែលបានបន្តថា នៅមុនកើតហេតុជនរងគ្រោះ និងរូបលោកបានយកម្ហូបអាហារទៅទុកនៅទូកឯផែររ៉ូយ៉ាល់ បន្ទាប់រូបគេទាំងពីរបានឡើងជិះម៉ូតូម្នាក់មួយ មកកាន់បឹងតាព្រហ្ម ដើម្បីយកម៉ូតូទៅទុកផ្ទះរបស់លោកនៅភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែមិនទាន់ដល់គោលដៅផងស្រាប់តែមិនដឹងយ៉ាងម៉េចបានជាឈ្មោះ ឡោ តូច ជិះម៉ូតូទៅបុករថយន្តបែបនេះ។
ក្រោយកើតហេតុទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍យកមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត ឯសាកសពត្រូវបានរថយន្តដឹកយកទៅរក្សាទុកនៅវត្តក្រោម រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯ ស្រុកកំណើត៕ សមុទ្រខៀវ
http://ift.tt/1Tt5YVI