ស្ត្រីម្នាក់កាត់ពីខេត្តពោធិសាត់មកលួចនៅខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីរូបនោះបានលួចយកក្បាលវីដេអូអ៊ីវីឌីគេមួយគ្រឿង នៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នៅមុខផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ស្រ្តីជាជនសង្ស័យ រូបនោះមាន ឈ្មោះ ចែម ពៅ អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិពោធិ ឃុំពោធិ ស្រុកក្រគរខេត្តពោធិសាត់។ មុនពេលកើតហេតុ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ស្រ្តីខាងលើបានធ្វើដំណើរមក ពីខេត្តពោធិសាត់ មកដល់ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រហែលជាង១០ព្រឹកថ្ងៃដដែល ។
នៅម៉ោងជាង២រសៀល ស្ត្រីរូបនោះ មានកាន់កន្ត្រកធ្វើពីស្លឹករំចេកធំមួយរួចបានដើរ ទៅមុខផ្ទះស្ត្រីឈ្មោះ សេង សុភាព អាយុ៤២ឆ្នាំ ជាអាជីវករលក់ ម៉ាញ៉េ ទូរទស្សន៍ និងគ្រឿងអគ្គីសនី នៅមុខផ្សាឆ្នាំង ហើយបានបន្លំចូលលួច ក្បាលវីដេអូអ៊ីវីឌី ចាក់ឌីស មួយគ្រឿងដាក់ចូលក្នុងកន្ត្រកធំធ្វើពីស្លឹករំចេកនោះរួចក៏ដើរចេញមកវិញ ពេលធ្វើសកម្មភាពនោះម្ចាស់តូប មិនបានដឹងឡើយ តែមានអ្នកលក់ដូរក្បែរ នោះបានឃើញសកម្មភាពនោះ រួចបានទៅប្រាប់ម្ចាស់ ជាអ្នកលក់។ ពេលនោះអាជីវករជាម្ចាស់របស់ ក៏តាមរត់ស្រ្តីជាចោរនោះ មកដល់ក្បែរបងវត្តយាយទេព និងបានឆែកទៅឃើញក្បាលអីវីឌីរបស់ខ្លួនទើបចាប់ ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង។
ចំពោះមុខសមត្ថកិច្ច ស្ត្រីជាសង្ស័យខាងលើបានសារភាពថា៖ ខ្លួនពិតជាបានលួចរបស់ខាងលើនេះ មែន តែទើបជាលើកទី១នោះទេ ។ លោក ម៉ា យន្ត បានបញ្ជាក់ និងសួមផ្តាំផ្ញើដល់ អាជីវករគ្រប់ រូបថា៖ សូមប្រយ័ត្ន ក្រុមស្ត្រីណាដែលមានកាបូបធំ មានបក្សពួក២-៣នាក់ ទៅចោមរោមទិញឥវ៉ាន់ ខ្លះសួរ ទិញ នេះទិញនោះ តែធាតុពិតគឺដើម្បីផ្តល់ឱកាសអោយគ្នាគេបន្លំលួចយករបស់ទ្រព្យ និងលួចយក កាបូប ប្រាក់ក៏ធ្លាប់មានគម្រូច្រើនករណីហើយ។
ស្ត្រីជាសង្ស័យខាងលើនេះក៏ដូចគ្នាដែរ ពេលគេទាន់ទើបឆ្លើយថាទើបតែលួចម្តងទេ ពេលនេះត្រូវ សមត្ថ កិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងបន្តបញ្ជូនទៅតុលាការ ខេត្តចាត់ការ តាមផ្លូវច្បាប់ ពាក្យចាស់លោកថាលួចគេវាគ្រាន់ បើគេទាន់ពិតជាជាប់គុក៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1J4bj2Y