បុរសម្នាក់ ត្រូវរន្ទះបាញ់ចំស្លាប់ និងស្ត្រី២នាក់របួសធ្ងន់ស្រាល ខណៈពួកគាត់កំពុងរាវគ្រំក្នុងបឹងមេឃកំពុងភ្លៀង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងបឹង (មានប្រពន្ធ២ និងមានកូន៩នាក់) និងស្ត្រី២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ដែលក្នុងនោះស្រីម្នាក់ជាប្រពន្ធចុងរបស់ដែលបានស្លាប់នោះផងដែរ ពួកគេត្រូវរន្ទះបាញ់ចំនៅពេលដែលពួកគាត់កំពុងនាំគ្នារាវគ្រំក្នុងបឹងពេលកំពុងភ្លៀងផ្គរ។ ករណីនេះបានកើតឡើងនៅម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងចំណុចបឹងធំ ស្ថិតនៅក្នុងភូមិទួលអំពិល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នេះបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុមានភ្លៀងផ្គរ និងរន្ទះ នៅម៉ោងពេលក្នុងចំណុចខាងលើមានមនុស្សប្រុសស្រីច្រើននាក់កំពុងនាំគ្នារាវគ្រំ ដើម្បីយកទៅលក់ចិញ្ចឹមជីវិត។ ពេលនោះមានស្នូររន្ទះមួយផ្ទុះឡើងបាញ់ចំបុរសម្នាក់ឈ្មោះ ស៊ូ យន ហៅពៅ អាយុ៤៣ឆ្នាំ បណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងបឹង និងធ្វើអោយស្ត្រី២នាក់ទៀតរបួសធ្ងន់ស្រាល គឺ១.ឈ្មោះ ប៉ោង សុភា អាយុ៣៧ឆ្នាំ ជាប្រពន្ធចុង បុរសរងគ្រោះខាងលើរងរបួសធ្ងន់ និង២.ឈ្មោះ ឈិន ចិន្តា អាយុ៣៧ឆ្នាំ របួសស្រាល ពួកគាត់ទាំង៣នាក់ រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ ស្ត្រីរងរបួសធ្ងន់ឈ្មោះ ប៉ោង សុភា ត្រូវបានគេដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះជីវិត។ដោយឡែកសពបុរសរងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនតាមរ៉ឺម៉កយកមកដល់សាលាបុណ្យមួយនៅវាលាម៉ោង៨ និង៣០នាទីយប់ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ដោយមានអ្នកស្រុកក្នុងភូមិ និងអាជ្ញាធរមូលដ្ឋានជួយចាត់ចែងធ្វើបុណ្យទានតាមប្រពៃណី។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននិយាយអោយដឹងថា៖ ស្ត្រីឈ្មោះ ប៉ោង សុភា ជាប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសម្បែង រស់នៅទេ សព្វថ្ងៃរស់នៅជ្រកកោនក្បែរសំយាបផ្ទះគេនៅក្នុងភូមិ នាងមានកូនប្តីមុន៥នាក់ ប្តីក្រោយដែលស្លាប់ នេះបានគ្នាពុំទាន់មានកូនទេ។ #ដោយឡែកប្រពន្ធដើមមានឈ្មោះ ឯក វ៉ុន អាយុ៣៩ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ក៏ជាគ្រួសារក្រីក្រដែរ។ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ប្រពន្ធដើម និងកូនទាំង៤នាក់ បានយំសោកអោបសពប្តីក្នុងសាលាបុណ្យ ដោយក្តីសោកសង្រេងសែនរន្ធត់ ចំណែកកូនៗ ទាំង៥នាក់ ក៏បានមកជួបជុំគ្នាមើលសពរបស់ឪពុក ទាំងក្តីសោកសៅ និងបាត់ឪពុកជាជំហរដ៏កក់ក្តៅ៕ ដោយ រិទ្ធិ ជ័យ
ស្ត្រីជាប្រពន្ធចុងឈ្មោះ ប៉ោង សុភា អាយុ៣៧ឆ្នាំ រងរបួសធ្ងន់
http://ift.tt/1KHZPCm