ក្រុមការងារចម្រុះថ្នាក់ខេត្តទទួលស្គាស់ថាពិតជាមានការឈូសឆាយព្រៃលិចទឹកក្នុងតំបន់២ ឃុំផ្សារស្រុកបរិបូណ៌បន្ទាប់ពីអាជ្ញាធរឃុំ និងជំនាញរាយការណ៍មកខេត្តថាគ្មាន
ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារចំរុះថ្នាក់ខេត្តបានចុះត្រួតពិនិត្យការឈូសឆាយព្រៃលិចទឹកនៅក្នុងតំបន់២ របស់ឃុំផ្សារ ស្រុករិបូរណ៌ តាមបញ្ជាររបស់លោកអភិបាលខេត្ត ពេញមួយព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ហើយទទួលស្គាស់ថា ពិតជាមានការឈូសឆាយព្រៃលិចទឺកមួយចំនួនពិតមែនដូចក្រុមអ្នកកាសែត បានចុះផ្សាយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីមានរបាយការណ៍របស់អាជ្ញាធរឃុំ និងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះទៅពិនិត្យហើយរាយការណ៍ភូតភរលោកអភិបាលខេត្តថា ក្រុមអ្នកកាសែតផ្សាយព័ត៌មានខុសពីការពិត។
លោក ម៉ម ឈឿម ប្រធានក្រុមការងារចុះថ្នាក់ខេត្ត ជាប្រធានមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យខេត្ត បាននិយាយអោយដឹងថា៖ តាមចំណារបញ្ជាររបស់លោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ លោកបានដឹកនាំក្រុមការងារចុះរុះថ្នាក់ខេត្ត មានតំណាងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយអ្នកកា សែតមួយក្រុមដែលបានចុះផ្សាយរឿងនេះផងនោះ បានឯកភាពគ្នាជិះគោយន្ត១គ្រឿង ចុះទៅពិនិត្យព្រៃលិចទឹកនៅក្នុងតំបន់២ខាងលើដែលក្រុមអ្នកកាសែតបានថតចេញផ្សាយ អោយបានឃើញជាក់ស្តែង ថាតើការចេញផ្សាយរបស់ក្រុមអ្នកកាសែត និងរបាយការណ៍របស់មន្ត្រីជំនាញនិងអាជ្ញាធរឃុំ ជូនទៅលោកអភិបាលខេត្ត អ្នកណាមួយនិយាយពិត។
នៅក្នុងពេលចុះទៅដល់ព្រៃលិចទឹកដែលត្រូវបានគេឈូសឆាយកន្លងមក មន្ត្រីជំនាញរដ្ឋបាលជលផល លោកមេភូមិក្បាលថ្នល់ លោកមេភូមិកំព្រង លោកមេឃុំផ្សារ និងតំណាងប្រជាពលរដ្ឋ ជាអ្នកស្នើសុំច្បាប់ពង្រាបដីស្រែចាស់ចំនួន៤៥ហិកតាដែលធ្លាប់ធ្វើ បានជជែកយ៉ាងតឹងមាត់ដាក់គ្នា ជាមួយក្រុមអ្នកកាសែត និង ក្រុមការងារចំរុះថ្នាក់ខេត្ត វែកញែករកត្រូវរៀងៗខ្លួន ខណៈពេលបានឃើញព្រៃលិចទឹកមួយចំនួន ត្រូវបានគេកាប់ឆ្ការដុតចោលពីមុនៗមកនៅសល់តែគល់ឈើ និងត្រូវបានគេឈូសឆាយរុករានទន្ត្រានយកធ្វើជាដីស្រែ។
ក្រោយពីបានចុះត្រួតពិនិត្យពេញមួយព្រឹកមក លោក ម៉ម ឈឿម ប្រធានក្រុមការងារចំរុះថ្នាក់ខេត្តបាន បុកសរុបវាយតម្លៃថា៖ លោកទទួលស្គាស់ថា ពិតជាមានបទល្មើសឈូសឆាយដីព្រៃលិចទឹកនៅក្នុង តំបន់២ ឃុំផ្សារ ស្រុកបរិបូរណ៌មួយចំនួនពិតប្រាកដមែន ដែលខុសពីការស្នើសុំច្បាប់ និងការអនុញ្ញាតអោយពង្រាប តែដីស្រែ ចាស់ដែលធ្លាប់ធ្វើពីមុនមករបស់លោកអភិបាលខេត្ត។ ករណីនេះលោកនិងធ្វើរបាយការណ៍ជូន លោកអភិបាលខេត្ត និងស្នើសុំអោយអាជ្ញាធរឃុំ និងជំនាញរដ្ឋបាលជលផលទប់ស្កាត់បញ្ឈប់ជាបន្ទាន់នូវបទល្មើសខាងលើនេះ តែលោកមិនឃាត់ការឈូសឆាយពង្រាបដីស្រែចាស់ៗរបស់ប្រជាពលរដ្ឋនោះឡើយ។
លោក តាត សីហាក់ មន្ត្រីខណ្ឌ័រដ្ឋបានជលផលខេត្តបានលើកឡើងថា៖ដីតំបន់២ ប្រជាពលរដ្ឋមានសិទ្ធ អាស្រ័យផលធ្វើស្រែចំការ ប៉ុន្តែការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកគឺជាអំពើខុសច្បាប់ដែលត្រូវទប់ស្កាត់ និងបង្ក្រាប គឺមិនអនុញ្ញាតអោយកើតមានទៀតឡើយ។លោក ប៊ិន សុផាន មេឃុំផ្សារ លោក អែម រ៉ិន មេភូមិក្បាល និងលោក នួន សុផាន់ មេភូមិកំព្រង ឃុំផ្សារ បានឯកភាពនូវការលើកឡើងរបស់លោកប្រធានក្រុមការងារចុះរុះថ្នាក់ខេត្ត និងមន្ត្រីជំនាញ តែលោកស្នើសុំអោយប្រជាពលរដ្ឋបានឈូសពង្រាបដីស្រែបន្តទៀតតាមច្បាប់ស្នើសុំ ពួកលោកនិងទប់ស្កាត់មិនអោយមានការឈូសឆាយដីព្រៃលិចទឹកដូចខាងលើទៀតឡើយ។
ប្រភព័ត៌មានពីអ្នកយកព័ត៌មានយើងនៅស្រុកបរិបូរណ៌បានអោយដឹងថា៖មានមន្ត្រីជលផលខិលខូចម្នា ក់ ឃុបឃិតជាមួយមេការរត់ការឈូសឆាយដីម្នាក់ បានបំផុសប្រជាពលរដ្ឋរាប់រយនាក់ប្តិតមេដៃតវ៉ា បរិហារកេរ្តិ៍ថា៖ ក្រុមអ្នកកាសែតរារាំងមិនអោយប្រជាពលរដ្ឋឈូសឆាយពង្រាបដីស្រែ ករណីនេះក្រុមអ្នកកាសែតសំណូមពរដល់សមត្ថកិច្ចវែកមុខជនខិលខូច(ស៊ីលុយឆ្អែតមកលាបមាត់អ្នកកាសែត) ខាងលើនេះ និងបក្ខពួកអោយឃើញដើម្បីចាត់ការតាមផ្លូវច្បាប់ទើបគេរៀងចាល៕ រិទ្ធិ ជ័យ
http://ift.tt/1IeXahR