ចូលរួមព្រឹត្តិការណ៍ ឧត្ដមឆន្ទៈបៃតង ដើម្បីបរិស្ថាន
ដោយសារការបំពុលខ្យល់អាកាស ទឹក និង ការទុកដាក់សំរាមគ្មានសណ្ដាប់ធ្នាប់ បង្កផលអវិជ្ជមានដល់បរិស្ថាន ក្រុមឧត្ដមឆន្ទៈបៃតង( Green Will Day ) បានបង្កើតព្រឹត្តិការណ៍ “បរិស្ថានទីក្រុងបៃតង” ដើម្បីទីក្រុងមានសោភ័ណភាព នៅថ្ងៃ ២៨ មិថុនា ២០១៥ នៅ CJCC នាពេលខាងមុខ។
ព្រឹត្តិការណ៍នេះរួមមាន ពិព័រណ៍រូបថតទាក់ទងនឹងបរិស្ថាន និង ផលិតផលកែច្នៃពីសំរាមផ្សេងៗ ដែលអ្នកចូលរួមអាចទស្សនាដោយសេរី។ មួយទៀតគឺ ការជិះកង់ជុំវិញទីក្រុងភ្នំពេញនៅម៉ោង៧ព្រឹក ដែលអ្នកចូលរួមត្រូវទិញសំបុត្រតម្លៃ៥ $ និង សិក្ខាសាលាអំពីបរិស្ថាននៅម៉ោង ១:៣០ រសៀល តម្លៃសំបុត្រ១$ ដើម្បីចែករំលែកពីចំណេះដឹងបន្ថែមទាក់ទងនឹងបរិស្ថាន រួមទាំងកម្មវិធីកម្សាន្តមួយចំនួនដូចជា ការដើរម៉ូតសំលៀកបំពាក់ច្នៃពីសំរាម ការតស៊ូមតិទាក់ទងពីបញ្ហាបរិស្ថានផងដែរ។
កញ្ញា វន ឆយសុនាថ អ្នកសម្របសម្រួលគម្រោង បានប្រាប់ Sabay ថា នេះជាព្រឹត្តិការណ៍លើកទី២ ដែលកាលពីឆ្នាំមុនមានអ្នកចូលរួមប្រមាណ២០០នាក់ ហើយកញ្ញាសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍លើកនេះអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់និងថែរក្សាបរិស្ថាននៅក្នុងសហគមន៍។
ការបង្កើតព្រឹត្តិការណ៍ ឧត្ដមឆន្ទៈបៃតងកម្ពុជា គឺដើម្បីបណ្ដុះគំនិតបៃតង បង្កើនការយល់ដឹងនិងលើកកម្ពស់ដល់ប្រជាជនកម្ពុជា ជាពិសេសដល់យុវជន ឲ្យយកចិត្តទុកដាក់និងចូលរួមទាំងអស់គ្នាក្នុងការថែរក្សានិងអភិរក្សបរិស្ថានដ៏ស្រស់បំព្រង។
សម្រាប់ការចុះឈ្មោះចូលរួម និង ព័ត៌មានបន្ថែមសូមធ្វើការចុះឈ្មោះតាមប្រព័ន្ធ Facebook http://ift.tt/1HetIrs ឬ ទំនាក់ទំនងតាម៖ cambodiagreenwill@gmail.com៕
សូមអាន ថតរូបប្រកួតយករង្វាន់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
អត្ថបទ៖ លឹម សុនា
http://ift.tt/1Gy0mj9