គ្រួសារជនរងគ្រោះរន្ទះបាញ់ស្លាប់ និងពស់ចឹករលួយជើង ទទួលអំណោយ
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ គណៈកម្មការធិការសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយ ទៅ ផ្តល់ជូនក្រុមគ្រួសារជនរងគ្រោះមួយគ្រួសារ ដែលរងគ្រោះដោយរន្ទះបាញ់ស្លាប់ និងគ្រួសារមួយទៀតដែលកុមារាម្នាក់រងគ្រោះដោយពស់ចឹករលួយជើង។
លោក ឈួរ ថន ចៅសង្កាត់ខ្សាមអោយដឹងថា៖ បុរសដែលត្រូវរន្ទះបាញ់ស្លាប់ កាលពីម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចបឹងធំ គឺជាប្រជាពលរដ្ឋរបស់លោក រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ជនររគ្រោះមានឈ្មោះ ស៊ូ យន ហៅ ពៅ អាយុ៤៣ឆ្នាំ មានប្រពន្ធចុងឈ្មោះ ប៉ោង សុភា អាយុ៣៧ឆ្នាំ នាងក៏បានរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ជាមួយប្តីដែរ នាងមានប្តីមុនកូន៥នាក់។ ចំណែកប្រពន្ធដើមបុរសរងគ្រោះ ឈ្មោះ ឯក វ៉ុន អាយុ៣៩ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ពួកនាងទាំង២នាក់គឺសុទ្ធតែជាគ្រួសារក្រីក្រ។
លោក អ៊ុន សំអុល ប្រធានគណៈកម្មាការធិការសាខាកាកបាទក្រហមខេត្ត ជាអភិបាលរងខេត្ត និងលោកស្រី កែ ចន្ទ័មុនី អនុប្រធាកិត្តិយសគណៈកម្មាការ ធិការសាខាកាក បាទក្រហមខេត្ត និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំងបាននាំយកអំណោយចែកជូនគ្រួសារបុរសរងគ្រោះខាងលើនេះនៅក្នុងសាលាបុណ្យភូមិទី៦សង្កាត់ខ្សាម ដើម្បីឧបត្ថម្ភក្នុងពិធីបុណ្យសព រួមមាន៖ អង្ករ៥០គីឡូ និងថវិកា៤០ម៉ឺនរៀល ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។
ដោយឡែកនៅក្នុងមន្ទីរពេទ្យខេត្តវិញនៅព្រឹកថ្ងៃដដែល ស្ត្រីឈ្មោះ ឈឿន យ៉េនអាយុ ២៨ឆ្នាំ រស់នៅភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ជាម្តាយកុមារាឈ្មោះ យន្ត ច័ន្ទលី អាយុ១០ឆ្នាំ ដែលបានរងគ្រោះដោយពស់ចឹករលួយប្តអប់ជើងខាងស្តាំ កាល ពី៣ខែមុន មើលមិនជាក៏បានទទួលអំណោយ ចំនួន២៣ម៉ឺនរៀល និងគ្រឿងឧបភោគមួយចំនួនទៀតដែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1ePpgVw