យុវជន៣នាក់ព្រួតគ្នាវាយ និងកាប់សម្លាប់បុរសម្នាក់ធាក់ទម្លាក់ចូលក្នុងជ្រោះចោទថាចេះធ្មប់ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជាឃាតករ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលស្រុកទឹកផុស ស្រាវជ្រាវចាប់ខ្លួនបាននៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៥ បន្ទាប់ពីកំណត់បានថាជាឃាតករ ព្រួតវាយ និងកាប់សម្លាប់បុរសម្នាក់ទម្លាក់ចូលក្នុងជ្រោះ ដោយចោទថាចេះធ្វើធ្មប់។ អំពើឃាតកម្មនេះបានកើតឡើងនៅល្ងាចថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៥ នៅខ្ទមស្រែបុរសរងគ្រោះស្ថិតនៅខាងជើង ភូមិមោង ឃុំក្បាលទឹក ស្រុកទឹកផុស ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បាននិយាយថា៖ ជនសង្ស័យទាំង៣នាក់មាន ១ ឈ្មោះ ជួង វិចិត្រ អាយុ២ ឆ្នាំ ២.ឈ្នោះ ឃឹម សុខា អាយុ២០ឆ្នាំ និង៣ឈ្មោះ ឃឹម សុឃីម អាយុ២២ឆ្នាំ គេទាំង៣នាក់មានទីលំនៅភូមិមោង ជាមួយជនរងគ្រោះឈ្មោះ ម៉ិល ខាន់ អាយុ៤៩ឆ្នាំ ។
លោកអធិការអោយដឹងទៀតថា៖នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែសីហា លោកទទួលព័ត៌មាន ថា មានមនុស្សត្រូវគេវាយសម្លាប់ ចោលនៅជ្រោះជើងភ្នំក្រញូង ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្បាលទឹក ស្រុក ទឹកផុស ។ ពេលនោះលោកបានរាយការណ៏ជូនលោកស្នងការ និងបានសហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការស្រាវជ្រាវ ទើបឈានដល់ការកំណត់បានមុខសញ្ញាជនសង្ស័យ៣នាក់ ដែលវាយនិងកាប់សម្លាប់បុសររងគ្រោះដោយចោទថាចេះ អាបធ្មប់។
លោក អធិការស្រុកបានស្រង់ចម្លើយសារភាពជនដៃដល់ទាំង៣នាក់នោះបាននិយាយថា៖ ដោយ សារតែមានបងប្អូនឈឺមើលមិនជា ក៏បានរកគ្រូទាយថា ឈ្មោះ ម៉ិល ខាន់ ( បុរសរងគ្រោះ ) អាយុ ៤៩ឆ្នាំ នៅភូមិមោង ឃុំក្បាលទឹក ជាអ្នកចេះអំពើធ្មប់ ទើបនៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃទី២៥ ខែសីហា គេទាំង៣នាក់បាននាំគ្នាទិញស្រាទៅផឹកនៅខ្ទមស្រែបុរសរងគ្រោះដែលកំពុងនៅចាំស្រែនៅចំណុចកើតហេតុខាងលើ ។
ពេលផឹកស្រវឹងគឺពួកគេបានបង្ករឿងជាមួយបុរសរងគ្រោះតែម្តង ដោយនិយាយថា៖ ត្រូវតែដក អំពើធ្មប់ពីបងប្អូនគេចេញទៅតែបុរសរងគ្រោះឆ្លើយថា គាត់មិនចេះធ្វើអំពអាបធ្មប់អីនោះទេ គឺតែបន្តិច មិនចេះផង។ ពេលនោះជនល្មើសទាំង៣នាក់បានយកដំបងវាយជនរងគ្រោះ ដោយជនរងគ្រោះបាន ព្យាយាមរត់គេច និងស្រែកថាមិនចេះអំពើអាបធ្មប់យ៉ាងណាក៏ដោយ។ នៅពេលវាយជនរងគ្រោះ សន្លប់ ហើយនោះ ពួកគេទាំង៣នាក់បានកាប់ដើមកណ្តោលមួយដើម ធ្វើជាស្នែងសែងជនរងគ្រោះទៅមាត់ ជ្រោះខ្នងភ្នំក្រញូង ស្ថិតក្នុងភូមិសាស្ត្រឃុំក្បាលទឹក ហើយបានវាយនិងយកពូថៅកាប់កជាច្រើន ពូថៅ ជិតដាច់ក ព្រោះខ្លាចមិនស្លាប់ រួចធាក់ទម្លាក់ជ្រោះបំណងបំបិទភស្តុតាងតែម្តង។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា នេះថា៖ ជនសង្ស័យទាំង៣នាក់ នៅពេលសមត្ថកិច្ចជំនាញសួរចម្លើយ បានឆ្លើយមិនខុសពីចម្លើយ ឆ្លើយជាមួយលោកអធិការនគរបាលស្រុកទឹកផុសនោះឡើយ និងដោយបញ្ជាក់ថា ឈ្មោះ ម៉ិល ខាន់ បានធ្វើធ្មប់អោយបងប្អូនខ្លួនស្លាប់២ទៅ៣នាក់កន្លងមក។
ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី ២៧ខែ សីហា ឆ្នាំ២០១៥ ដើម្បីផ្តន្តាទោសជនល្មើសតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1LHRHTy