បែកធ្លាយរឿងនាយិកាសាលាបឋមសិក្សាគំរូក្រុង ចាយវាយថវិកាសាលាជាង៥៤លានរៀល មិនប្រក្រតីលោកគ្រូអ្នកគ្រូស្នើសុំអធិការកិច្ចខេត្ត និងក្រសួងជួយធ្វើអធិការកិច្ចផង
ខេត្តកំពង់ឆ្នាំង៖ តាមរបាយការណ៍មួយមាន៣ទំព័រដែលធ្លាយចេញពីលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សារគំរូក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ នៅក្នុងឆ្នាំសិក្សា២០១៤ និង២០១៥ លោកស្រីនាយិកាសាលាគំរូក្រុង ឈ្មោះ ក្រូច សុគន្ធា បានចាយវាយថវិកាសាលាជាង៥៤លានរៀល គ្មានភាពប្រក្រតីគ្មានបញ្ជីស្នាមច្បាស់លាស់ កាន់លុយខ្លួនឯង ចាយខ្លួនឯង ធ្វើបញ្ជីទូទាត់ខ្លួនឯង កាន់ឃ្លាំងខ្លួនឯង ដែលធ្វើលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាគំរូក្រុងកំពង់ឆ្នាំងមាន ប្រតិកម្មសុំ អោយបកស្រាយ តែបកស្រាយមិនច្បាស់សាល់ ដោយពួកគាត់ស្នើសុំអធិការកិច្ចខេត្ត និងក្រសួងអប់រំ មេត្តាជួយចុះមកត្រួត ពិនិត្យ លំអិតផង។
នៅក្នុងរបាយការណ៍ចំថ្ងៃទី១៤ ខែសីហា នោះបានរៀរាប់អោយដឹងថា៖ សាលាមានថវិកា PBដំណើរការសាលា រៀនចំនួន ២២,៥២៨.០០០រៀល និងថវិកាកម្មវិធីជំនួយដើម្បីកែរលម្អសាលារៀន របស់ប្រទេសស៊ុយអែតSIG ចំនួន១៣.៨៦៦.៨៨០ រៀល សរុបថវិកាទាំង២នេះស្មើនឹង ៣៦.៣៩៤.៨៨០រៀល។ ដោយឡែកកន្លងមកក្នុងឆ្នាំសិក្សា២០១៤ និង២០១៥ អ្នកស្រីនាយិការ បានរកចំណូលតាមរយះលិខិតអំពាវនាវសុំការជួយឧបត្ថម្ភពីអាណាព្យាបាលសិស្សក្នុងម្នាក់ៗ៣០០០រៀលក្នុងចំណោមសិស្សសរុប ២.៣៩២នាក់ សរុបទឹកប្រាក់ស្មើ ៧.១៧៦.០០០រៀល ដោយកំណត់ជួលកម្មករ២នាក់ សម្រាប់ថែបង្គន់អនាមយ័៣៣បន្ទប់ និងថែសួន ច្បារក្នុងសាលារៀនទាំងមូល។ប៉ុន្តែនៅក្នុងឆ្នាំសិក្សា២០១៤ និង២០១៥នេះមិនឃើញមានជួលកម្មករមកថែទាំបង្គន់និងថែទាំសួនច្បារអោយដូចក្នុងខ្លឹមសារនៃលិខិតអំពាវនាវសុំការឧបត្ថម្ភថវិកាពីអាណាព្យាបាលសិស្សឡើយគឺការថែទាំបង្គន់និងការថែទាំសួន ច្បារ ប្រើអោយសិស្សអោយលាងបង្គន់និងថែសួនដដែល។
ក្នុងនោះដែរនៅមានថ្លៃម៉ៅការអោយភាស៊ីកង់ ឈ្នួលតូបលក់ដូរ ភាស៊ីតូបប្រចាំថ្ងៃ ឈ្នួលគ្រូៗបង្រៀនគួរក្នុងសាលា ឈ្នួលសាលា បង្រៀនភាសារ សរុបមានចំនួន ១២.២៤០.០០០រៀលទៀត។ លោកគ្រូអ្នកគ្រូនៅក្នុងសាលាបានលើកឡើងថា៖ ក្នុងការដឹកនាំរបស់ នាយិការសាលា តែងតែយកអំណាចជាប្រធានស្រែកឡូឡា គំរាមកំហែង ចង្អុលមុខដល់បុគ្គលិកសិក្សាជាគ្រូបង្រៀននៅពេល ប្រជុំម្តងៗ មិនដែលឃើញមានធ្វើការអប់រំណែនាំដោយស្ងាត់ៗនោះឡើយ។ ការប្រើប្រាស់ថវិការគ្មានភាពប្រក្រតីនេះ ធ្វើអោយខ្វះ ខាតដល់ទិញសម្ភារៈរបង្រៀនសិស្ស ដោយអ្នកស្រីនាយិការបានប្រមូលថវិការកាន់តែម្នាក់ឯង ដោយចាយវាយផងធ្វើបញ្ជីផង កាន់សម្ភារះក្នុងឃ្លាំងខ្លួនឯងផង សូម្បីតែដីសក៏មិនទិញអោយគ្រូដែរ។
ទាក់ទងការចោទប្រកាន់ខាងលើនេះ អ្នកស្រី ក្រូច សុគន្ធា នាយិកាសាលាគំរូក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះថា៖កាលពីថ្ងៃទី២៩ ខែសីហា មានការប្រជុំមួយនៅក្នុងសាលា ដែលមានលោកគ្រូអ្នកគ្រូតែ៥៧នាក់ ទេបានមកប្រជុំក្នុងចំនួនគ្រូសរុប៨១នាក់ លោកស្រីបានបញ្ជាក់ថា៖ នៅក្នុងថ្ងៃប្រជុំលោកស្រីនោះបានបកស្រាយរាល់ការចាយវាយ ថវិកា របស់សាលាជូនអង្គប្រជុំបានច្បាស់លាស់អស់ហើយ ដោយលោកគ្រូអ្នកគ្រូទាំងអស់ក៏បានដឹងច្បាស់ទទួលយក បានគ្រប់ៗ គ្នាហើយដែរ។ ដោយឡែកការចោទប្រកាន់ខាងលើនេះមិនមែនេជាការពិតនោះឡើយ គឺជារឿងទំនាស់បុគ្គលមួយ លោកស្រី សន សុខសុន ជានាយិការរងសាលាចេញពីការច្រណែនអំណាចគ្នាតែប៉ុណ្ណោះ ដែលជាអ្នកហែកហួររឿងក្នុងសាលាខាង លើនេះ។ ចំណែករឿងនេះ លោកស្រីបានធ្វើរបាយការណ៍ផ្ញើជូនលោកប្រធានមន្ទីរអប់រំខេត្តរួចហើយ ដោយលោកប្រធានមន្ទីរបាននិយាយថា លោកនិងធ្វើការកោះប្រជុំដើម្បីដោះស្រាយបញ្ចប់រឿងនេះ។
ដោយឡែកលោកស្រី សន សុខសុន ជានាយករងសាលា បានជួបជាមួយអ្នកយកព័ត៌មានយើងនៅល្ងាចថ្ងៃទី០១ ខែកញ្ញា នឹង បាននិយាយអោយដឹងថា៖ រឿងទាំងអស់ខាងលើគឺជារឿងពិតជារឿងថវិការបស់សាលា សំរាប់អភិវឌ្ឍន៍សាលា សម្រាប់បំរើ ការ សិក្សាអោយសិស្ស សំរាប់ទិញសម្ភារៈបង្រៀនសិស្សក្នុងសាលារបស់លោកគ្រូអ្នកគ្រូជារឿងអ្នកដឹកនាំពុករលួយ ប្រើអំណាចផ្តាច់ការ ប្រើប្រាស់ចាយវាយថវិកាគ្មានតម្លាភាពខុសច្បាប់ហិរញ្ញវត្ថុ គឺចាយវាយ ធ្វើបញ្ជី និងទូទាត់តែម្នាក់ឯង កាន់ឃ្លាំងដោយ ខ្លួនឯងគឺមិនមែនជារឿងទំនាស់បុគ្គលឡើយ គឺជារឿងផលប្រយោជន៍រួមរបស់សិស្ស និងលោកគ្រូអ្នកគ្រូក្នុងសាលា។
លោកស្រី សន សុខសុន បានបញ្ជាក់រឿងពិតមួយនៅក្នុងប្រជុំថ្ងៃទី២៩ ខែសីហា ដែលអ្នកស្រីនាយិកា សាលាបក ស្រាយចំពោះមុខលោកគ្រូអ្នកគ្រូទាំង៥៧នាក់ថា៖ ថវិកាឥណទាន SCN សំរាប់អោយលោកគ្រូអ្នកគ្រូខ្ចីចងការ មានប្រាក់ការថោកគឺ ១០០ដុល្លារមានការប្រាក់តែ១ដុល្លាក្នុង១ខែ កាលពី៧ឆ្នាំមុនអ្នកស្រីនាយិកាបានទទួលគ្រប់គ្រងប្រាក់ចំនួន១.៩៣៥ដុល្លារ ហើយ ថវិកានេះបានអោយលោកគ្រូអ្នកគ្រូខ្ចីអស់។ ប៉ុន្តែរហូតមកដល់ពេលនេះការប្រាក់ត្រូវកើនឡើងបាន១.៥៩៦ដុល្លារ គឺជាគោលការណ៍ សំរាប់ចំណាយជាអំណោយដល់សិស្សក្រីក្រ និងចំណាយអភិវឌ្ឍន៍សាលាក៏មិនឃើញ គឺអ្នកស្រីនាយិការគ្មានរបាយការណ៍បង្ហាញអោយដឹងថា ថវិកានោះកើនឡើងប៉ុន្មាន នៅសល់ប៉ុន្មាន ចាយអស់ប៉ុន្មាន តើអោយលោកគ្រូអ្នកគ្រូក្នុងសាលាស្ងប់ចិត្តម្តេចកើតទៅ។
រឿងខាងលើនេះនៅល្ងាចថ្ងៃទី០១ ខែកញ្ញា លោក ពេជ សំបូរ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមិនអាចសុំការបំភ្លឺបានទេ ព្រោះលោកបានទៅទស្សនៈការងារនៅប្រទេសថៃ។ដោយឡែកអ្នកគ្រូ លោកគ្រូ នៅក្នុងសាលាបឋមសិក្សាគំរូក្រុង ស្នើសុំទទូចដល់ ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសអធិការកិច្ចមន្ទីរអប់រំខេត្ត អធិការកិច្ចសាលាខេត្ត អធិការកិច្ចក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយចុះមកត្រួតពិនិត្យស្រាវជ្រាវ រកថវិកាទាំងអស់ខាងលើនេះយកមកបំរើអោយផលប្រយោជន៍អោយសិស្សសាលា២.៣៩២នាក់ និងលោកគ្រូ អ្នកគ្រូ៨១នាក់ នៅក្នុងសាលាគំរូក្រុងកំពង់ឆ្នាំងដោយក្តីអនុគ្រោះផងចុះ៕ រិទ្ធិជ័យ
http://ift.tt/1KtMOxh