លួចទូកម៉ាស៊ីន និងធុងបាស់គេ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តឃុំខ្លួនក្នុងពន្ធនាគារខេត្ត
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រចឃុំខ្លួនដាក់ ក្នុងពន្ធនាគារខេត្តនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទលួច ទូកម៉ាស៊ីន និងធុងបាស់របស់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នៅ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខណៈដែលជនសង្ស័យទាំង២នាក់ខាងលើទៅ ស៊ីឈ្នួលធ្វើជាកម្មករអោយគេនៅទីនោះបានតែ៤ថ្ងៃប៉ុណ្ណោះ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ គោក ខុង អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិស្វាយរំពារ ឃុំស្វាយរំពារ ស្រុកកំពង់លែង និងម្នាក់ទៀតឈ្មោះគៀន សុជា អាយុ១៨ឆ្នាំ មានទីលំនៅភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ។ ចំណែកជនរងគ្រោះជាម្ចាស់ទូកម៉ាស៊ីនមានឈ្មោះ គូ អៀម អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោកស្រុកជលគីរី ។
សមត្ថកិច្ចបានរៀបរាប់អោយដឹងថា៖ កាលពីថ្ងៃទី៨ ខែមករាជនសង្ស័យទាំងពី២នាក់បានទៅធ្វើជាកម្មករអោយឈ្មោះ គូអៀមជាម្ចាស់ទូក ដោយសន្យាក្នុងម្នាក់ៗ អោយប្រាក់ខែ៦០ម៉ឺនរៀល។ នៅថ្ងៃកើតហេតុថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ទាំង២នាក់បានទៅផឹកស្រា នៅចុងភូមិ ទោះជាម្ចាស់ផ្ទះឈ្មោះ គូ អៀម ប្រើកូនអោយទៅហៅមកហូបបាយក៏មិនមកដែរ រហូតម៉ោង៨យប់ទើប ទាំង២នាក់បានត្រឡប់មកវិញដោយបានឡើងលើផ្ទះយកកន្ទេលមុងរួចសុំម្ចាស់ផ្ទះទៅដេកលើផែត្រីមាត់ទន្លេ ។ លុះដល់ម៉ោងជាង ១០យប់ ម្ចាស់ផ្ទះចុះទៅមើលមាត់ទឹកមិនឃើញជនសង្ស័យទាំង២នាក់នោះទេឃើញតែចងមុងចោលគ្មានមនុស្សដេក ហើយក៏ឃើញបាត់ទូកម៉ាស៊ីន១គ្រឿង និងពេលត្រឡប់ ឡើង លើផ្ទះវិញឃើញបាត់ធុងបាស់១គ្រឿងទៀត ទើបទូរសព្ទ័ប្តឹងសមត្ថកិច្ចនគរបាល មូលដ្ឋានតែម្តង ។
ក្រោយពីបានទទួលបណ្តឹងនេះសមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យទាំង២នាក់ នៅថ្ងៃទី១៣ ខែមករា ដោយដកហូតបានទូកបំពាក់ម៉ាស៊ីន១គ្រឿង និងធុងបាស់១គ្រឿង ជាភ័ស្តុតាង រួចបានកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្ត។ ដោយឡែកនៅរសៀលថ្ងៃទី១៤ ខែមករានេះសាលាដំបូងខេត្តសម្រេចឃុំខ្លួនជនសង្ស័យទាំង ២នាក់នេះនៅក្នុងពន្ធនាគារខេត្តតែម្តង៕ កងរី
http://ift.tt/1U4BYhE