អ្នកបើករថយន្តជិត២០០នាក់ដឹកកម្មការានីរោងចក្រតឹកហ្វុក ចូលរៀនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្តជិត២០០នាក់ ដឹកកម្មករកម្មការានីរៀងរាល់ថ្ងៃ បាននាំគ្នាមកសិក្សារៀនសូត្រនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលការបង្ហាត់បង្រៀននេះបានធ្វើឡើងនៅក្នុងរោងចក្រតឹកហ្វុក ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដោយមានការសហការពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណៈការខេត្ត និងបេឡាជាតិសន្តិសុខសង្គម ក្នុងគោលបំណងជំរុញអោយអ្នកបើកបររថយន្តទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍និងនាំគ្នាធ្វើលិខិតស្នាមផ្សេងៗពាក់ព័ន្ធនឹងយាន្តយន្តរបស់គាត់ដែលកំពុងចរាចរណ៍នៅលើដងផ្លូវរៀងរាល់ថ្ងៃ។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានថ្លែងទៅកាន់អ្នកបើកបររថយន្តទាំងអស់ថា៖ កន្លងមកថ្មីៗនេះក្នុងខេត្តកំពង់ឆ្នាំងបានជួបករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្ត ដឹកកម្មករស្រុកនេះចំនួន២លើក ដោយបណ្តាលអោយកម្មការានីជាង១០០នាក់បានរងរបួសធ្ងន់ស្រាល ចំណែកអ្នក បើកបរម្នាក់ត្រូវជាប់ពន្ធនាគារ និងម្នាក់ទៀតកំពុងរត់គេចខ្លួននិងមានដីការតាមចាប់ខ្លួន ដោយគេដឹងថាគ្រោះថ្នាក់ ខាងលើនេះ មកពីអ្នកបើកបររថយន្តនេះមិនបានឆ្លងកាត់រៀនសូត្រក្នុងសាលាបើកបរ។ ដោយឡែកការរៀនសូត្រក្នុងរយៈ ពេល២ថ្ងៃនេះ គឺទិសដៅជាចំបងបំផុតនោះគឺការបញ្ជ្រៀបច្បាប់ចរាចរណ៍អោយអ្នកបើកបរបានយល់ដឹង និងយកទៅ អនុវត្តអោយបានខ្ជាប់ខ្ជួនដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍។
លោក ឈឹម សារុន បានបន្តថា៖ តាមអនុសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ គឺឯកឧត្តមស្នើអោយប្រធានអនុគណៈ កម្មការ សុវត្ថិភាពចរាចរណ៍គ្រប់រាជធានី និងខេត្តសហការជាមួយមន្ទីរសាធារណការខេត្ត និងមន្ទីរការងារចុះផ្សព្វផ្សាយច្បាប់ ដល់អ្នកបើកបររថយន្តដឹកកម្មករកម្មការានីនៅគ្រប់រោងចក្រ យល់ដឹងអំពីការដឹកមនុស្សលើសចំណុះ ការបើកលឿន ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងស្ថានភាពស្រវឹង ការធ្វើប័ណ្ណបើកបរ ប័ណ្ណសំគាល់យាន្តយន្ត សីលធម៌នៃការបើកបរ។លើសពីនេះឯកឧត្តមអគ្គស្នងការបានអោយរឹតបណ្តឹងការត្រួតពិនិត្យ ល្បឿន ជាតិស្រវឹងនៅ ពេលយប់អោយបានជាប់ជាប្រចាំបន្ថែមលើការត្រួតពិនិត្យជាទូទៅ និងត្រូវបង្កើនការចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅ តាមសហគមន៍ សាលារៀន និងរោងចក្រ អោយបានទូលំទូលាយ។
នៅឱកាសនោះលោក មាស ឈុនលី មន្ត្រីមន្ទីរសាធារណការខេត្តបានសំណូមពរដល់បងប្អូន អ្នកបើកបររថយន្ត ដឹកម្មករកម្មការានីទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់នូវការបញ្ជ្រៀបច្បាប់ចរាចរណ៍ផ្លូវគោកនេះ និងចូលរួម ធ្វើលិខិតស្នាមទាក់ទងនឹងយានយន្តអោយបានត្រឹមត្រូវគ្រប់ៗគ្នា ព្រោះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៦នេះ ខាងអគ្គនា យកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ ខេត្តសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម នឹងបើក ការប្រឡងយកប័ណ្ណបើកបរនៅជិតរោងចក្រតឹកហ្វុកហើយ និងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យរាល់បទល្មើសទាំងអស់ដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ដែលរួមទាំងការពិនិត្យនូវលិខិតស្នាមទាក់ទងនឹងយានយន្តផងដែរ៕ រិទ្ធិ ជ័យ
http://ift.tt/1VxlsY7