ខឹងប្រពន្ធមិនទទួលយកធ្វើជាប្តីវិញជះទឹកអាស៊ីដដាក់ហើយរត់គេចខ្លួនបាត់
ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារប្តីជះទឹកអាស៊ីដ ស្រោចពេញមុខ និងដងខ្លួន បង្កឲ្យរងរបួសធ្ងន់ធ្ងរបំផុត កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខផ្សារដីថ្មី តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ បន្ទាប់ពីវាយប្រហារទឹកអាស៊ីដដ៏សាហាវរួច ជនដៃដល់ជាប្តីបានរត់គេចខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុ សុខនី អាយុ ២៣ឆ្នាំ រស់នៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ហើយចំណែក ជនដៃដល់ជាប្ដី ឈ្មោះ ង៉ែត ផល្លី រស់នៅខេត្តសៀមរាប មុខរបរធ្វើសំណង់ បានឡើងពីខេត្ត មករករឿងឈ្លោះគ្នា ជាមួយនារីរងគ្រោះ មួយខែមកហើយ បន្ទាប់ពី ចែកផ្លូវគ្នាមួយរយ:។
សមត្ថកិច្ចអះអាងថា ករណីនេះបណ្តាលមកពីប្តីបានសុំប្រពន្ធ មករួមរស់ជាមួយវិញបន្ទាប់ពីបោះបង់ប្រពន្ធ ចោល តែប្រពន្ធមិនព្រម ឬអាចថាមកពីរឿងប្រចណ្ឌ។ ក្រោយពេលបង្កហេតុ ជនដៃដល់បានរត់គេចខ្លួន បាត់ស្រមោល ហើយនារីរងគ្រោះ ត្រូវអ្នកជិតខាង ជួយលាងទឹក សម្អាតជាតិអាស៊ីដ នាំទៅកាន់មន្ទីពេទ្យក្នុងសភាពរបួសយ៉ាងធ្ងន់ធ្ងរ។ ករណីនេះសម្ត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោស៕
http://ift.tt/1V3kN0F