ស្ត្រីមេម៉ាយក្រីក្រមានកូនជាយោធាពិការ២នាក់ រស់នៅលើដីលំនៅដ្ឋាន២៣ឆ្នាំមកហើយត្រូវលោកប្រធានពេទ្យស្រុក កំពង់ត្រឡាចប្តឹងដេញអោយរុះផ្ទះចេញ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រចិញ្ចឹមកូនក្នុងបន្ទុក៥នាក់ ក្នុងនោះមានកូន២នាក់ជាយោធាពិការ និងកូនស្រីម្នាក់គរថ្លង់បានស្នើសុំសម្តេច ហ៊ុន សែន ជួយអន្តនាគមសង្គ្រោះគ្រួសារក្រីក្រពួកគាត់ផង ព្រោះគាត់បានរស់នៅលើដីលំនៅដ្ឋានមួយកន្លែង២៣ឆ្នាំមកហើយ (គិតត្រឹមថ្ងៃគេប្តឹងឆ្នាំ២០១១) ទើបតែប្រធានពេទ្យស្រុកកំពង់ត្រឡាច ប្តឹងដេញអោយរុះរើផ្ទះចេញថា ជាដីរបស់ពេទ្យស្រុក និងបើគិតមកដល់ឆ្នាំ២០១៦នេះគាត់រស់នៅលើដីទំនាស់២៨ឆ្នាំហើយ។
នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្រី្តមេម៉ាយឈ្មោះ នៅ សុភាព(០៩៣ ៤៨៣ ៦៣១)អាយុ៥៥ឆ្នាំ រស់នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចិញ្ចឹមកូន៥នាក់ក្នុងនោះមានកូន២នាក់ ជាយោធាពិការ នៅកងពលលេខ១លង្វែក ១.ឈ្មោះ ឈ ពិសិដ្ឋ ២.ឈ្មោះ ឈ សាំងលី និងកូនស្រីម្នាក់ឈ្មោះ ឈ ស្រីពៅ គរថ្លង់ពីកំណើត បាននាំគ្នាលើកដៃសំពះពីចម្ងាយដល់ សម្តេច ហ៊ុន សែន សុំអោយសម្តេចជួយ ផង ដោយបានបង្ហាញឯកសារពាក់ព័ន្ធ នឹងដីទំនាស់អោយបានដឹងថា៖ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៨ គាត់ត្រូវបានគេបោកប្រាស់ដេញអោយរុះផ្ទះ ចេញពីដីលំនៅដ្ឋាន២កន្លែងគឺ ១នៅជិតសាលាបឋមសិក្សាសាលាលេខ៥ និង២នៅជិតផ្សារសាលាលេខ៥ ដោយគេប្រាប់ថាយកដីពង្រីកសាលារៀន និងពង្រីកផ្សារ តែតាមការពិតនៅពេលគាត់រុះផ្ទះចេញមក ពួកគេបែរជាយកដីផ្ទះគាត់ចែកគ្នាសង់ផ្ទះធំៗរស់នៅដល់សព្វថ្ងៃនេះ។
ដោយគាត់មានការលំបាកនៅក្នុងឆ្នាំ១៩៨៨ លោក ម៉ាត់ ម៉ូត ជាអភិបាលស្រុក និងលោក ស្រី អ៊ុក ចាន់ធឿន ប្រធានពេទ្យស្រុកបានចង្អុលបង្ហាញដីអោយយគាត់រស់នៅលើដីទំនេរមួយកន្លែង គឺចំណុចដីទំនាស់បច្ចុប្បន្នមានទំហំដី៤ ម៉ែត្រគុណនិ១២ម៉ែត្រ ហើយបានរស់នៅដោយសុខសាន្តរហូតដល់ឆ្នាំ២០០៨។ នៅក្នុងឆ្នាំ១៩៩៨ ប្តីរបស់គាត់ឈ្មោះ ឈ ប៉ បានចុះចោលគាត់ទៅរស់នៅជាមួយប្រពន្ធចុងឈ្មោះ គឹម សំអាត នៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី រហូតមកដោយទុកអោយគាត់ និងកូន៥នាក់រស់នៅលើដីនេះដល់សព្វថ្ងៃដល់ឆ្នាំ២០០៨ប្តីគាត់បានឈឺស្លាប់នៅផ្ទះប្រពន្ធចុង។
ក្រោយពេលប្តីគាត់ស្លាប់នៅឆ្នាំ២០០៨ ក៏ស្រាប់តែលោកប្រធានពេទ្យស្រុកបានមកដេញអោយគាត់រុះរើផ្ទះ ចេញដោយប្រាប់ថាដីដែលគាត់រស់នៅជាង២០ឆ្នាំមកហើយនេះ ជាដីពេទ្យស្រុកមានប្លង់ស្របច្បាប់ ( ដែលគេបានធ្វើមិនអោយគាត់ដឹង ) និងបង្ហាញលិខិតកិច្ចសន្យារបស់ប្តីគាត់ចំនួន២ច្បាប់ធ្វើក្នុងឆ្នាំ២០០០ ដែលមានភាពមិនប្រក្រតី ថាប្តីគាត់បានសុំដីពេទ្យស្រុករស់នៅបណ្តោះអាសន្ននៅពេលគាត់ស្លាប់ គាត់សុំប្រគល់ដីនេះអោយពេទ្យស្រុកវិញ។
#ដោយឡែកនៅក្នុងឆ្នាំ២០០៨នេះដែរប្រជាពលរដ្ឋ៣គ្រួសារទៀតមានដីរស់នៅជួរមុខពេទ្យស្រុកដូចគ្នាក៏ត្រូវបានពេទ្យស្រុកដេញដែរ តែគេបានប្តឹងឈ្នះក្តីពេទ្យស្រុក និងបានកាន់កាប់ដីនេះធ្វើផ្ទះធំៗរស់នៅស្របច្បាប់រហូតសព្វថ្ងៃនេះ ចំណែកតែរូបគាត់ក្រីក្រគ្មានប្រាក់ត្រូវតុលាការខេត្ត និងតុលាការសាលាឧទ្ធរណ៍កាត់អោយចាញ់ក្តី និងតម្រូវអោយ រុះរើ ផ្ទះចេញ។ ក្នុងរឿងក្តីនេះគាត់បានសុំអោយពេទ្យស្រុកនិងពេទ្យខេត្ត ជួយដោះស្រាយប្រាក់គោលនយោបាយ ចំនួន ២ម៉ឺន ដុល្លាដើម្បីរកទិញដីសង់ផ្ទះនៅតែគេមិនព្រមអោយ គឺបើព្រមរុះផ្ទះចេញគេអោយតែ៥០ម៉ឺនរៀលតែប៉ុណ្ណោះ។
នៅក្នុងរឿងនេះស្ត្រីឈ្មោះ នៅ សុភាព បានបញ្ជាក់ថា គាត់មករស់នៅលើគិតមកដល់ពេលនេះចំនួន២៨ឆ្នាំ ហើយ តាមរយះលោកអភិបាលស្រុកនៅឆ្នាំ១៩៨៨ ដោយមានលិខិតបញ្ជាក់ទទួលស្គាល់របស់លោក ឌុច សាត មេភូមិ តាអត និងលោក អ៊ិន ឃឿន មេឃុំពានី ចុះថ្ងៃទី២៧ ខែ០៦ ឆ្នាំ២០១១ គឺជារឿងស្របច្បាប់។ចំណែកលិខិតជាកិច្ច សន្យា របស់ប្តីគាត់ខុសប្រក្រតីក្រោយពេលប្តីគាត់ស្លាប់នោះគាត់មិនទទួលស្គាល់ទេព្រោះគាត់ជាអ្នករស់នៅលើដីនេះជាប់រហូតមកហេតុម្តេចក៏គេមិនហៅអោយធ្វើកិច្ចសន្យាក្នុងរឿងនេះបែរជាយកលិខិតអ្នកស្លាប់មិនបានរស់នៅលើដីនេះមកអះអាងទៅវិញ។
ម្យ៉ាងទៀតប្រជាពលរដ្ឋ៣គ្រួសារដែលរស់នៅមុខពេទ្យស្រុកដូចគាត់ដែរម្តេចគេមានសិទ្ធរស់នៅបាន ចំណែកគាត់ ជាជនក្រីក្រមានកូនជាយោធាពិការក្នុងសមរភូមិទៀតម្តេចគ្មានសិទ្ធរស់នៅទៅវិញ។ ដូច្នេះបើអោយគាត់រុះរើផ្ទះចេញ ពីដីនេះតើអោយគាត់ជាជនក្រីក្ររកតែបាយហូបមិនបានបែបនេះទៅរស់នៅកន្លែងណា ការដេញចេញមិនដោះ ស្រាយ គោលនយោបាយបែបនេះ គឺមិនខុសពីអោយគាត់និងកូនៗដែលជាជនពិការនិងគរថ្លង់ស្លាប់នោះឡើយ។
រឿងនេះគាត់សុំសំណូមពរដល់ តុលាការកំពូលដែលត្រូវជំនុំជំរះរឿងនេះនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ និងស្នើសុំដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាដែលធ្លាប់ជួយប្រពលរដ្ឋក្រីក្រអោយ បានរស់សុំ សម្តេច មេត្តាជួយសង្គ្រោះជីវិតជនពិការនិងគរថ្លង់ជាប្រជាពលរដ្ឋក្រីក្រដូចពួកគាត់នេះ ដែលធ្លាប់បានរស់នៅលើដីទំនាស់នេះ២៨ឆ្នាំមកហើយ បានរស់នៅលើដីនេះដូចគេឯងដោយក្តីមេត្តាផងចុះ៕ ( សហការី )
http://ift.tt/1ThieKr