ចេញពីកន្លែងផឹកស៊ីជិះម៉ូតូឌុបគ្នាយោលពេញផ្លូវដួលរបួសធ្ងន់១ស្រាល៣
ខេត្តព្រះសីហនុ៖ យុវជន៤នាក់ជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹកស៊ីក្នុងស្ថានភាពស្រវឹងជោគជាំ បើកម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវបត់កោងមិនបន្ថយល្បឿនបានដួលម៉ូតូបោកលើថ្នល់អូសចម្ងាយជាង១០ម៉ែត្របណ្តាលឲ្យ យុវជនម្នាក់ជាអ្នកបើកបរបានរងរបួសធ្ងន់ និង៣នាក់ផ្សេងទៀតបានរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ និង១០នាទី យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកោងអតីតកែងតុលាការចាស់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នគរបាលចរាចរណ៍ក្រុងព្រះសីហនុបានឲ្យដឹងថា យុវជនជួបគ្រោះថ្នាក់ទាំង ៤នាក់នោះមាន៖ ទី១ឈ្មោះ នី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(រងរបួសធ្ងន់សន្លប់) ជាអ្នកបើកបរម៉ូតូម៉ាកស្កូពី ពណ៌ស គ្មានស្លាកលេខ ទី២ឈ្មោះ ពុទ រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (រងរបួសស្រាល) ទី៣ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (រងរបួសស្រាល) និង ទី៤ឈ្មោះ សេង ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា៖ នៅមុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ មិនពាក់មួកសុវត្ថិភាព បើកក្នុងទិសដៅពីតោពីរសំដៅទៅផ្សារលើ។ លុះមកដល់ចំណុចកើតហេតុផ្លូវកោងអ្នកឌុបមិនបន្ថយល្បឿន រួមផ្សុំទៅនឹងអ្នកបើកបរមានជាតិស្រវឹងផងនោះ បត់ពុំទាន់ក៏បានរអិលបោកដួលអូសប្រមាណជាង១០ម៉ែត្រ បង្កអោយរងរបួសធ្ងន់ម្នាក់ (សន្លប់ធំ)នៅនឹងកន្លែង។
ក្រោយកើតហេតុ ម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តជាបណ្តោះអាសន្ន។ ចំណែកអ្នករបួសទាំង៤នាក់ត្រូវបញ្ជូនទៅព្យាបាល នៅគ្លីនិចចាក់អង្រែកំពង់សោម ខេត្តព្រះសីហនុ៕ សមុទ្រខៀវ
http://ift.tt/1o6OF1f