លោក ឡាំ ប៊ុនថន ប្រធានការិយាល័យគយច្រកបឹងត្រកួន ល្បីប្រើជំនាញកើបលុយយ៉ាងសុខស្រួលពីទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ដែលហូរចូលពីប្រទេសថៃដូចភ្លៀងរលឹម
ខេត្តបន្ទាយមានជ័យ៖ មានសេចក្តីរាយការណ៍ពីតំបន់ច្រកបឹងត្រកួនថា សព្វថ្ងៃនេះសកម្មភាព ដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ការលួចនាំចូលរថយន្តគេចពន្ធពីប្រទេសថៃចូលមកកម្ពុជាយ៉ាងអនាធិបតេយ្យ ដែលគេសង្ស័យថា លោក ឡាំ ប៊ុនថន ប្រធានការិយាល័យគយច្រកបឹងត្រកួន និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយប្រមូលលុយចែកគ្នាឆៅៗបិទបាំងថ្នាក់លើយ៉ាងសុខស្រួល ប៉ុន្តែប្រសិនបើលោកមេគយ ឡាំ ប៊ុនថន ដឹកនាំកូនចៅថ្នាក់ក្រោមរឹតបន្តឹងបង្ក្រាបប្រមូលពន្ធចូលរដ្ឋវិញមិនដឹងជា លើសផែនការប៉ុន្មាននោះទេ ព្រោះអត្ថិភាពនៃប្រភពប្រមូលពន្ធនៅទូលំទូលាយនៅឡើយ តែបច្ចប្បន្នវាត្រឹមតែប្រភពចំណូលហោប៉ៅលោកមេគយ ឡាំ ប៊ុនថន និងបក្ខពួកមួយក្តាប់តូចតែប៉ុណ្ណោះទៅវិញ ។
មានក្រុម គយចល័ត២ក្រុមក្រោមការគ្រប់គ្រង របស់លោក ឡាំ ប៊ុនថន ប្រធានការិយាល័យគយ ច្រក ទ្វារព្រំដែនតំបន់បឹងត្រកួន តែងតែធ្វើសកម្មភាពជាប្រចាំសម្រាប់ដេញទប់ស្កាត់ បង្ក្រាប និងត្រួតពិនិត្យទំនិញ ព្រោះតាមគោលការណ៍ទំនិញទាំងឡាយត្រូវនាំចេញចូលឆ្លងព្រំដែនគឺធ្វើឡើងតាមច្រកទ្វារស្របច្បាប់។ ជាមួយគ្នានេះក្រុមឈ្មួញ និងអាជីវកររកស៊ីនាំចូលទំនិញពីប្រទេសសៀមតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាបានឲ្យដឹងថា ក្រុមការងារចល័ត២ក្រុម នោះហើយ គឺជាក្រុមដែលចាំកាក់រថយន្តយកលុយឆៅៗ គ្មានវិក្កយបត្រទេ។ ពួកគាត់ជួបការលំបាកយ៉ាងខ្លាំង ព្រោះគយចល័ត២ក្រុមនោះតែងកោសរូសជំរិតយកលុយពីពួកគាត់តាមអំពើចិត្ត បើទោះបីពួកគាត់បង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ។
គេកត់សម្គាល់ឃើញថា តំបន់ព្រំដែនកម្ពុជាថៃ ព្រំប្រទល់ស្រុកថ្មពួក ក្នុងមួយថ្ងៃៗមានទំនិញ នាំចូលពី ប្រទេសថៃ ស្ទើរគ្រប់ប្រភេទ និងមានលួចនាំចូលរថយន្ត ដោយសារមានការត្រូវរ៉ូវគ្នាយ៉ាងរលូន រវាងសមត្ថកិច្ច ឈរជើងតាមព្រំដែន សមត្ថកិច្ចតាមដងផ្លូវ មានការឃុបឃិត ជាមួយក្រុមឈ្មួញ ជាពិសេសជំនាញគយ របស់លោក ឡាំ ប៊ុនថន ជាអ្នកបើកភ្លើងខៀវសម្របសម្រួលជូនយ៉ាងសុវត្ថិភាព ដែលធ្វើឲ្យសកម្មភាពរត់ពន្ធឡាន និងទំនិញល្បីល្បាញពេញខេត្តបន្ទាយមានជ័យ។ ហើយករណីនេះគួរតែ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើការត្រួតពិនិត្យភាពមិនប្រក្រតីនៅមានចន្លោះប្រហោងក្នុងអនុវត្តការប្រមូលពន្ធរបស់ លោក ឡាំ ប៊ុនថន ឡើងវិញព្រោះផែនការប្រមូលប្រាក់ពន្ធអាចទាបនៅឡើយ ទើបទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នៅតែហូរចូល ដោយគ្មានការបង្ក្រាប៕
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
http://ift.tt/1VXC3XA