ជំពាក់លុយតែ៣០ម៉ឺនរៀលម្ចាស់ប្រាក់មកលួចដឹកយកក្របី២ក្បាលកាត់បំណុល ហើយប្តឹងចាប់កូនបំណុល ដាក់ គុកទៀតចោទថាជំពាក់លុយជាង១០លានរៀល
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រីក្រ និងល្ងិតល្ងង់ម្នាក់មានផ្ទៃពោះ៧ខែ ត្រូវបានតុលាការចាប់ដាក់គុកអស់១ថ្ងៃ ដោយសារតែម្ចាស់លុយប្តឹងចោទប្រកាន់ខុសពីការពិតថា នាងជំពាក់លុយចងការជាង១០លានរៀល ការពិតនាងជំពាក់លុយគេតែ៣០ម៉ឺនរៀលសោះ។ ប៉ុន្តែមុនពេលប្តឹងចាប់នាងដាក់គុក ម្ចាស់ប្រាក់បានទៅលួចដឹកក្របីពីរក្បាលដើម្បីកាត់លុយពីកូនបំណុល ហើយនៅពេលកូនបំណុលប្តឹងទៅតុលាការពីបទលួចក្របី តុលាការមិនជាត់ការទេ បែរជាចាប់កូនបំណុលដាក់គុកពីបទជំពាក់លុយ តាមតែគេចោទទៅវិញ។
នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះក្នុងរឿងខាងលើនេះឈ្មោះ សាន សាឡុន អា យុ៤០ឆ្នាំ មានកូន៤នាក់ មានប្តីជាមន្ត្រីនគរបាលតូចតាច រស់នៅក្នុងភូមិស្រៃតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសបានរៀបរាប់ឲ្យដឹងថា៖ នៅឆ្នាំ២០១២ នាងបានខ្ចីប្រាក់ចងការរាប់ប្រចាំថ្ងៃពីឈ្មោះ ហេង ស្រីម៉ាច នៅក្នុងភូមិឃុំជាមួយគ្នា ចំនួន២លានរៀល ដោយគេគិតការប្រាក់ក្នុង១លានរៀល ការ២០ម៉ឺនរៀល ដោយត្រូវរាប់សងវិញជាប្រចាំថ្ងៃ ហើយពេលឲ្យខ្ចីគេបានកាត់យកលុយក្រៅ១៥ម៉ឺនរៀលទៀត ជាប្រាក់សាគុណខំឲ្យខ្ចី។ ក្រោយមកនាងបានសងប្រាក់ទៅគេអស់ នៅជំពាក់តែ៣០ម៉ឺនរៀលប៉ុណ្ណោះ។
នៅក្នុងខែ១២ ឆ្នាំ២០១៣ នៅថ្ងៃមួយនោះ ឈ្មោះ ហេង ស្រីម៉ាច បានមកលួចដឹកយកក្របី២ក្បាលមេ១កូន១ ពីផ្ទះនាងពេលនាងអត់នៅផ្ទះដើម្បីកាត់បំណុល។ បន្ទាប់មកនាងបានប្តឹងទៅតុលាការខេត្តចោទ ឈ្មោះ ហេង ស្រីម៉ាច ពីបទលួចក្របី មកដល់ពេលនេះជាង២ឆ្នាំហើយតុលាការខេត្ត មិនបានចាត់ការរឿងនេះជូននាងឡើយ។ ដោយឡែកនៅក្នុងពេលនាងកំពុងប្តឹងរឿងខាងលើនេះ ឈ្មោះ ហេង ស្រីម៉ាច បានប្រើល្បិចប្តឹងចោទប្រកាន់ខុសពីការពិតថានាង នៅជំពាក់លុយគេជាង១០លានរៀល ហើយនាងត្រូវមន្ត្រីប៉េអឹមកចាប់នាងកំពុងមានផ្ទៃពោះ៧ខែដាក់គុកអស់១ថ្ងៃ១យប់ តាមបញ្ជារចៅក្រមរបស់តុលាការ។
ក្រោយមកត្រូវបានលោកមេឃុំអភិវឌ្ឍន៍ និងលោកអធិការនគរបាលស្រុកទឹលផុស ជួយអន្តរាគមន៍ទើបតុលាករដោះលែងនាងមកវិញ ឯក្របី២ក្បាលនោះម្ចាស់ប្រាក់ក៏បានប្រគល់ឲ្យនាងវិញដែរ។ បហើយពេលនាងយកលុយ៣០ម៉ឺនរៀលទៅសង ឈ្មោះ ហេង ស្រីម៉ាច មិនយកទេដោយ ចោទថានាងនៅជំពាក់លុយគេជាង១០លានរៀលទៀត តែការខ្ចីលុយចងការខាងលើគឺគ្មាន លិខិតស្នាមអ្វីទាំងអស់។
នៅក្នុងរឿងខាងនេះស្ត្រីរងគ្រោះ ឈ្មោះ សាន់ សាឡុន ស្នើសុំលោកតុលាការខេត្តជួយសើរើរឿងក្តីលួចក្របី និងរឿងឈ្មោះ ហេង ស្រីម៉ាច ប្តឹងចោទប្រកាន់ខុសពីការពិត ចាប់នាងដាក់គុកនេះ ដើម្បីផ្តល់យុត្តិធម៌ជូននាងជាជនស្លូតត្រង់ផង និងគោរពស្នើសុំអ្នកច្បាប់ ពិសេសសសម្តេច ហ៊ុន សែន មេត្តាជួយអត្តនាគមន៍ជួយប្រជាពលរដ្ឋក្រីក្រល្ងិតល្ងង់ដូចនាងដោយក្តីអនុគ្រោះផង។
ទាក់ទងក្នុងរឿងខាងលើនេះ ស្ត្រីជាម្ចាស់បំណុល ឈ្មោះ ហេង ស្រីម៉ាច បានឆ្លើយតាមទូរស័ព្ទ
អោយដឹងថា៖ ក្របី២ក្បាលនេះឈ្មោះ សាន់ សាឡុន បានអោយនាងដឹកយកដើម្បីកាត់បំណុល និងពេលដឹកក្របីនេះ នាងក៏បានរាយការណ៍ជូនលោកមេឃុំអភិវឌ្ឍន៍ និងលោកអធិការស្រុកទឹកផុសផងដែរគឺមិនដែលចោរណាលួចក្របីគេហើយ រាយការណ៍ឲ្យមេឃុំ និងអធិការស្រុកនោះទេ។
ចំណែកលោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ និងលោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសវិញបានបញ្ជាក់ឲ្យដឹងថា៖ ឈ្មោះ ហេង ស្រីម៉ាច ពិតជាបានរាយការណ៍ឲ្យពួកលោកតាមទូស័ព្ទ ពិតមែនថានាងបានដឹកក្របីយកពីផ្ទះ សាន់ ឡុន ហើយ តែពួកលោកបានប្រាប់ថា រឿងជំពាក់លុយគឺត្រូវសងលុយមិនមែនមករឹបអូសយកក្របីគេដូច្នេះទេ ធ្វើបែបនេះពួកលោកមិនដឹងឮ និងមិនទទួលខុសត្រូវនោះឡើយព្រោះជាអំពើខុសច្បាប់ ៕ រិទ្ធិ ជ័យ
http://ift.tt/2agTC6e