ក្រសួងពាណិជ្ជកម្មបានរៀបចំការតាំងពិព័រណ៍លើកទី៣ នៃយុទ្ធការគាំទ្រទិញផលិតផលខ្មែរ
ខេត្តព្រះសីហនុ៖ លោក សូ សក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ភាពម្ចាស់ការ ប្រកបគុណភាព គឺជាចំណុចចាប់ផ្តើមនៃភាពជោគរបស់អាជីវកម្មនិមួយៗក្នុង ទីផ្សារប្រគួតប្រជែងទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ងាកមក ទទួលយកនូវផលិតផលក្នុងស្រុកប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធការតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ នារសៀលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៦នៅឆ្នេរអូឈើទាល ដែលរៀបចំឡើងដោយ ក្រសួងមន្ទីពាណិជ្ជកម្ម ,សភាពាណិជ្ជកម្មខេត្ត សហកាណ៍ជាមួយ សាលាខេត្តព្រះសីហនុ និងមន្ទីពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានក្រុមហ៊ុនចំនួន១៤២ ចូលរួមដាក់តាំងនូវផលិតរបស់ខ្លួនជូនអតិថិជន។
ស្ថិតក្នុងពិធីតាំងពិព័រណ៍ដ៏វិសេសវិសាលនោះផងដែរ លោក សូ សក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកថាព្រិត្តិការណ៍នេះ គឺជាផ្លូវមួយដ៏ល្អសម្រាប់បងប្អូនអាជីវករ ពាណិជ្ជករ ផលិតករខ្មែរ ក្នុងការដើរឆ្ពោះទៅរកចំណុចចាប់ផ្តើម នៃសករាជថ្មី កែប្រែនូវការប្រើប្រាស់ផលិតផលដែលនាំចូលមកពីបរទេស ឲ្យងាកមកប្រើប្រាស់នូវផលិតផលរបស់ជាតិខ្មែរវិញ។ ការគាំទ្រនូវផលិតផលខ្មែរ គឺជាចំណែកមួយក្នុងកិច្ចអភិវឌ្ឍន៍សង្គមកម្ពុជា។ ការប្រើប្រាស់ផលិតផលជាតិ វាជាចលករមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់បងប្អូនអាជីវករ ពាណិជ្ជករផលិតករខ្មែរ ក្នុងការផលិតសម្ភារៈប្រើប្រាស់ផលិត ផលសិប្បកម្មអនុស្សាវរីយ៍ ម្ហូបអាហារ និងភេជ្ជៈ លិតផលសុខភាព និងសម្រស់ សេវាកម្ម ទេសចរណ៍ និង អប់រំ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
លោក សូ សក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្តថា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ងាកមកប្រើប្រាស់នូវផលិតផលខ្មែរឲ្យបានច្រើននោះ ដរាបណាបងប្អូនអាជីវករ ពាណិជ្ជករផលិតករខ្មែរ ម្ចាស់សិប្បកម្ម ទាំងអស់ស្វែងយល់ឲ្យបានច្បាស់លាស់អំពីតម្រូវការ និងភាពចាំបាច់នៃយុគ្គសម័យថ្មី ដែលទាមទាឲ្យមានលក្ខណៈ ស្តង់ដា ប្រកបដោយគុណភាពខ្ពស់។
លោក ប៉ែន ស៊ី ណាត ម្ចាស់សិប្បកម្មផលិតឱសថធម្មជាតិម្រុំ និងស្មៅពុកមាត់ខ្លា បានបង្ហាញទស្សនៈថា ការតាំងបង្ហាញនូវផលិតផលខ្មែរ ក្រោមការផ្តួចផ្តើមពីក្រសួងពាណិជ្ជកម្មនាពេលនេះ គឺពិតជាល្អណាស់ សម្រាប់បងប្អូនអាជីវករ ពាណិជ្ជករផលិតករខ្មែរ ម្ចាស់សិប្បកម្ម ទាំងអស់ ក្នុងបង្ហាញពីគំនិតកែច្នៃ ការផលិតនូវទំនិញ ការដាំដំណាំផ្សេងៗ អោយប្រជាពលរដ្ឋ អតិថិជនអ្នកប្រើប្រាស់ ជាពិសេសអោយឆាកអន្តរជាតិ បានដឹងថា ផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះ ពុំចាញ់ផលិតផលដែលនាំចូលមកពីបរទេសនោះទេ ដូចនេះបងប្អូនអោយប្រជាពលរដ្ឋ អតិថិជនអ្នកប្រើប្រាស់ គួរតែងាកមកប្រើប្រាស់នូវផលិតផលខ្មែរសាកល្បងអោយបានគ្រប់ៗគ្នា។
ដោយឡែក លោកស្រី ប៉ាក់ ស៊ីថន ម្ចាស់កសិដ្ឋានដំណាំឫស្សី នៅតំបន់តាឡះ ស្ថិតនៅក្នុងឱកាសតាំងពិព័រណ៍នោះបានបង្ហាញពីចំណាប់អារម្មណ៍ផងដែរថា សម្រាប់ការរៀបចំបង្ហាញផលិតផលខ្មែរនាពេលនេះ វាពិតជាឱកាសមាស និងវាជាកូនសោរដ៏សំខាន់ក្នុងការចាក់បើកទ្វារឲ្យពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលជាម្ចាស់អាជីវកម្ម ម្ចាស់សិប្បកម្ម ម្ចាស់ក្រុមហ៊ុនផលិតផលក្នុងស្រុកបង្ហាញពីផលិតផលរបស់ខ្លួនទាក់ទាញអតិថិជនដើម្បីពង្រីផលិតកម្មរបស់ខ្លួនទាំងបរិមាណ សោភ័ណ្ឌភាព គុណភាព ធានាដល់សេចក្តីត្រូវការ និងការជឿជាក់ពីអតិថិជន ដើម្បីឆ្ពោះទៅ គោលដៅជោគជ័យ។ កត្តានេះនឹងធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរទទួលបានការលើកកំពស់ជីវភាពចាកផុតេពីភាពក្រីក្រ។ លោកស្រី ប៉ាក់ ស៊ីថនបានអះអាងថា ពិព័រណ៍ពាណិជ្ជកម្មនៅពេលនេះ ជាយុទ្ធនាការទិញផលិតផលខ្មែរ នាពេលនេះពិតជាល្អណាស់។
សូមបញ្ចាក់ផងដែរថា ការតាំងពិព័រណ៍ពាណិជ្ជកម្មឱកាសយុទ្ទនាការទិញទំនិញផលិតផលខ្មែរនៅឆ្នេរអូឈើទាលខេត្តព្រះសីហនុ រយះពេល៤ថ្ងៃ២៨ -៣១កក្កដា នាពេលនេះគឺជាលើកទី០៣ហើយបន្ទាប់ពីខេត្តសៀមរាប និង កំពង់ចាម៕ សមុទ្រខៀវ
http://ift.tt/2au6Ew3