រថយន្តវីអាយភីក្រុមហ៊ុនវីរៈប៊ុនថាំ តៃកុងជាន់ល្បឿនផ្តាច់ព្រលឹងបុករថយន្តដឹកខ្សាច់ពីក្រោយរបួស១០នាក់
ខេត្តបាត់ដំបង៖ ប្រុសស្រី១០នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តដឹកអ្នកដំណើរ(VIP) វីអាយភីក្រុមហ៊ុនវីរៈប៊ុនថាំ បានបើកលឿនដូចរន្ទះបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹងក្នុងដំណើរស្របទិសគ្នាកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ស្វាយដូនកែវ និងស្រុកមោងឫស្សី ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក ឌឿន សម្បត្តិ អធិការរងទទួលបន្ទុកចរាចរណ៍នគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកអ្នកដំណើរ វីអាយភី របស់ក្រុមហ៊ុន ( វីរះប៊ុនថាំ )ពាក់ស្លាកលេខភ្នំពេញ 2AK- 2615 បើកបរពីទិសដៅពីភ្នំពេញឆ្ពោះមកបាត់ដំបង លុះពេលមកដល់ចំណុចកើតហេតុ ដោយសារបើកលឿន និងងងិតមើលផ្លូវមិនសូវឃើញក៏បុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខរថយន្តខ្លួនឯង។
ឧប្បត្តិហេតុនោះបានបណ្តាលឲ្យរងរបួសស្រីប្រុស១០នាក់ ធ្ងន់៨នាក់ ស្រាល២នាក់ ហើយត្រូវបាននគរបាលចរាចរណ៍ស្រុកមោងឫស្សី និងចរាចរណ៍ខេត្តជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមោងឫស្សី និងមន្ទីរពេទ្យខេត្ត។ ចំណែករថយន្តដឹកខ្សាច់មិនស្គាល់អត្តសញ្ញាណបានបើក គេចពីកន្លែងកើតហេតិបាត់៕
http://ift.tt/29ZQlY7