ស្រី្តក្រីក្រតោកយ៉ាកមានជម្ងឺរាំរ៉ៃ ត្រូវប្តី ឪពុកក្មេក ម្តាយក្មេកព្រួតគ្នាបណ្តេញចុះពីផ្ទះគ្មានទីជំរក
ខេត្តកំពង់ឆ្នាំង៖ ដោយពិនិត្យឃើញការលំបាកវេទនារបស់ស្ត្រីក្រីក្រម្នាក់តាមសង្គមហ្វេសប៊ុក ដោយសារតែមានជម្ងឺរាំរ៉ៃមើលអស់លុយច្រើនពេក ត្រូវប្តី និងឪពុកក្មេក ម្តាយក្មេកព្រួតគ្នាបណ្តេញមិនឲ្យឡើងផ្ទះប្រៀបបាននឹងសត្វត្រូវម្ចាស់បំបរបង់ចោលដោយគ្មានស្រណោះ។ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ព្រះគ្រូចៅអធិការវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយព្រះភិក្ខុក្នុងវត្ត និងពុទ្ធបរិស័ទ បាននិមន្តនាំយកអំណោយសប្បុរសនិងថវិកា ផ្តល់ជូនស្ត្រីក្រីក្រខាងលើនេះដល់ដីលំនៅដ្ឋាន ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្ងៀរ ខេត្តកំពង់ឆ្នាំង។
ព្រះមេត្តាវិសុទ្ធិ ខឹម ប៊ុណ្ណា រាជាគណថ្នាក់កិត្តិយស វិន័យធរអនុគណក្រុងតាខ្មៅ និងជាចៅអធិការវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល បានមានថេរដីកាអោយដឹងថា៖ អាត្មាបានដឹងព័ត៌មានខាងលើនេះតាមសង្គមហ្វេសប៊ុកកន្លងមក ទើបសម្រេចព្រះទ័យបបួល ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលមានទឹកចិត្តសប្បុរសធម៌ និមន្តមក និងនាំមកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រ កំពុងមានការលំបាកខាងលើនេះ។
ដោយឡែកអំណោយរបស់ព្រះអង្គនិងសប្បុរសជនដែលត្រូផ្តល់ក្នុងពេលនេះរួមមាន៖ អង្ករ៥០គីឡូ ទឹកក្រូច និងទឹកផ្លែឈើ២កេះ ទឹកសុទ្ធ១យួរ ត្រីខ២ឡូត៍ ទឹកស្អីវទឹកត្រី២យួរ ស្ករស២គីឡូ អំបិល២គីឡូ ប៊ីចេង១កញ្ចប់ ម្រេច១កញ្ចប់ ធូបទៀនមួយចំនួន និងថវិការចំនួន៣០ម៉ឺនរៀល។
#ស្ត្រីក្រីក្រឈ្មោះ ពិន ស៊ីធឿន អាយុ៤១ឆ្នាំ ( ទូរស័ព្ទ៖ ០៩៧ ៨៧ ១៧ ២០០ ) មានកូន៧នាក់ រស់នៅ ភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ក្នុងពេលទទួលអំណោយខាងលើនេះពីព្រះគ្រូចៅអធិការវត្ត ព្រែកសំរោង នាងបានលើកដៃសំពះ ប្រគេនពរ និងជូនពរដល់ ព្រះគ្រូចៅអធិការ ព្រះភិក្ខុសង្ឃក្នុងវត្ត ទាំងអស់ និងពុទ្ធបរិស័ទទាំងអស់ជាម្ចាស់អំណោយ សូមព្រះអង្គ និងសប្បុរសជន ជួបប្រទះតែនឹង សេចក្តីសុខគ្រប់ប្រការ និងសត្រូវជិតឆ្ងាយសូមឲ្យក្លាយជាមិត្ត។
ដោយឡែកនាង ពិន ស៊ីធឿន បានរៀបរាប់អំពីដំណើររឿងហេតុរបស់នាងឲ្យដឹងថា៖ ចាប់ពីខែ៥ ឆ្នាំ២០១៥មក នាងខ្ញុំមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ នៅក្នុងរយះពេលនេះលោក នុត សំអាន ហៅម៉ៅ អាយុ៣៩ឆ្នាំ ជាប្តីមិនបានយកចិត្តទុកដាក់ជួយព្យាលបាលជំងឺនាងខ្ញុំដិតដល់ឡើយ។ នៅថ្ងៃទី០៨ ខែ០១ ឆ្នាំ២០១៦ នាងខ្ញុំបានប្រកាច់បញ្ឈរភ្នែកគឺបានអ្នកស្រុកក្នុងភូមិជួយឌុបនាងខ្ញុំទៅពេទ្យឯកជន ឈ្មោះពេទ្យណាល់ នៅភូមិពង្រ ពេលនោះគ្រូពេទ្យមិនហ៊ានមើលទេព្រោះតែជម្ងឺធ្ងន់ធ្ងរ ឲ្យបញ្ជូនទៅពេទ្យខេត្តជាបន្ទាន់ទៅបើទុក និងត្រូវស្លាប់ពេលនោះបានប្អូនបង្កើតនាងខ្ញុំនៅក្រុងកំពង់ឆ្នាំង ជួយដឹកយកមកព្យាបាលនៅពេទ្យខេត្ត។ ពេលនោះប្តីនាងខ្ញុំមិនមកមើល ឬជួយចេញលុយព្យាបាលជំងឺឡើយ និងក្រោយមកនាងខ្ញុំបានស្នាក់នៅជាមួយបងប្អូនក្នុងក្រុងកំពង់ឆ្នាំងមួយរយៈ។
នៅចុងខែ០៣ ឆ្នាំ២០១៦ ពេលជំងឺនាងខ្ញុំបានធូរស្រាលបន្តិច នាងខ្ញុំបានត្រឡប់ទៅផ្ទះវិញ តែត្រូវឪពុកក្មេក ម្តាយក្មេក ដេញមិនឲ្យឡើងផ្ទះទេ ដោយនិយាយថា៖ គាត់បានឲ្យកូនគាត់មានប្រពន្ធទៀតហើយ និងចោទថានាងខ្ញុំចុះចោលផ្ទះផិតក្បត់ប្តី មិនឲ្យជួបជុំកូន មិនឲ្យគ្រប់គ្រងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ លុយកាក់ដែលប្តីរកបានប៉ុន្មានគាត់បានយកទៅឲ្យម្តាយក្មេកកាន់កាប់ ហើយប្តីនាងខ្ញុំបានបង្ខំឲ្យនាងខ្ញុំប្តិតមេដៃលែងលះគ្នា ព្រោះតែគេបានលួចលាក់មានប្រពន្ធចុងម្នាក់ទៀត។
#ដោយឡែកលោក ហុក សំអុន ចៅអធិការវត្តព្រះធាតុឆ្វេង ជាឪពុកក្មេកវិញបានបិទសិទ្ធិសេរីភាព មិនឲ្យកូននាងខ្ញុំជាព្រះសង្ឃ២អង្គ ១ព្រះនាម ម៉ៅ សុភាព និង២.ព្រះនាម ម៉ៅ សុភ័ក្ត គង់នៅក្នុងវត្តព្រះធាតុ ជួបជាមួយម្តាយ ឬទូរស័ព្ទជួបម្តាយឡើយ។ ចំណែកបច្ច័យទាំងប៉ុន្មានដែលលោកកូននាងខ្ញុំបិណ្ឌបាត ឬសូត្រមន្តបាន ត្រូលោកគ្រូចៅអធិការវត្តយកកាប់កាប់ទាំងអស់ មិនឲ្យលោកយកបច្ច័យនោះជូនមកនាងខ្ញុំជាម្តាយឡើយ។ នៅដើមខែ០៤ ឆ្នាំ២០១៦ ពេលនាងខ្ញុំទៅផ្ទះលេងជាមួយកូនៗ លោក ហុក សំអុន បានបណ្តេញនាងខ្ញុំឲ្យចុះពីផ្ទះ ទាញធុងទឹកកកប្រមាថវាយក្បាលនាងខ្ញុំនិងជេរប្រចោរដៀលនាងខ្ញុំថាជាស្រីផិតប្តី ជាស្រីភ្លើងពណ៌ និងបានចោទប្រកាន់ថា នាងខ្ញុំលួចគោ លួចដី លួចផ្ទះទៅដាក់ធនាគារទៀតផង ការពិតរឿងខ្ចីលុយធនាគារមករកស៊ី គឺប្តិតមេដៃព្រមព្រៀងទាំងអស់គ្នាសោះ។
រឿងហេតុខាងលើនេះនាងបានដាក់ពាក្តបណ្តឹងទៅលោកមេភូមិ លោកមេឃុំ និងលោកអភិបាល ស្រុករលាប្អៀររួចហើយកន្លងមក តែដោះស្រាយពុំទាន់បាន គឺប្តីនាង ឪពុកក្មេក និងម្តាយក្មេក នៅតែមិឲ្យឡើងផ្ទះដដែល រឿងនេះមានគេណែនាំនាងឲ្យប្តឹងទៅតុលាការខេត្ត តែនាងគិថាតើប្តឹងគេយ៉ាងម៉េច បើនាងគ្មានលុយមួយរៀងផងនោះ។ ពេលនេះនាងគ្មានជំរកស្នាក់នៅទេ និងសូម្បីតែលុយ១០០រៀលក៏គ្មានដែរសព្វថ្ងៃគឺស្នាក់នៅហូបចុកជាមួយបងប្អូន នៅក្នុងក្រុងកំពង់ឆ្នាំង។ ដោយឡែកដីស្រែមួយដុំក្នុងរូបថតខាងលើនេះ គឺមានអុំស្រីម្នាក់គ្មានកូនចៅ មុននិងស្លាប់បានចែកឲ្យកូនគាត់ ដោយសារតែកូនគាត់បានសន្យាថានិងបួសមុខភ្លើងធ្វើបុណ្យទៀនឲ្យគាត់នៅពេលគាត់ស្លាប់។
ស្ត្រីក្រីក្រឈ្មោះ ពិន ស៊ីធឿន សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយនៅក្នុងប្រទេស មេត្តាជួយ
ធ្វើផ្ទះឲ្យនាងស្នាក់នៅបានមួយខ្នងតូចផង ដើម្បីបានរស់នៅជិតកូនៗក្នុងភូមិប៉ាតឡាង ដែលពេលនេះនាងមានសសរផ្ទះ និងរតផ្ទះមួយចំនូនហើយ និងនៅខ្វះមួយចំនួនធំទៀតទើបសង់ផ្ទះបាន ចំណែកទ្រព្យសម្បត្តិ និងលុយកាក់នាងគ្មានទេសូម្បីតែ១០០រៀលក៏គ្មានដែរ ព្រោះតែជំងឺមិនទាន់ជា ហេតុនេះសូមសប្បុរសជនមេត្តាជួយសង្គ្រោះជីវិតនាងដោយក្តីអនុគ្រោះផង៕ រិទ្ធិ ជ័យ
http://ift.tt/2abkyzN