អន្តរក្រសួងចុះដោះស្រាយទំនាស់ការសាងសង់ព្រះវិហារ លើទីទួលបុរាណ ជាមួយមន្ទីរប្បធម៌ខេត្តនៅឃុំកោះថ្កូវ ទទួលបានលទ្ធផល ក្រោយពីមានការដោះស្រាយជាច្រើនលើកមក
ខេត្តកំពង់ឆ្នាំង៖ ទំនាស់នៃការសាងសង់វត្តទួលវិហារ លើទីទួលបុរាណ ស្ថិតនៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ជាមួយមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងកន្លងមក នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០ ១៧ នេះ ដោយមានការសម្របសម្រួលពី ក្រុមការងាររបស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង មន្ទីរធម្មការនិងសាសនាខេត្ត និងអាជ្ញាធរដែនដី ត្រូវបានដោះស្រាយចេញជាលទ្ធផល ដែលអាចទទួលយកបានទាំងសងខាងហើយ ក្រោយពីក្រុមការងារបានចុះពិនិត្យវាយតម្លៃផលប៉ះពាល់ ការសាងសង់សំណង់រឹង នៅលើទួលគ្រឹះចាស់នៃប្រាសាទព្រះវិហារ នៅភូមិ ឃុំខាងលើនេះ ។
លោក សុខធួក ប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ រឿងហេតុដែលនាំអោយមានវិវាទនេះ គឺដើមឡើយចៅអធិការវត្តទួលវិហារ ក្នុងភូមិ ឃុំ ខាងលើនេះបានសុំច្បាប់ កែប្រែសាឡុម(សាលាបុណ្យ)ទៅជាព្រះវិហារ ប៉ុន្តែពេលចាប់ផ្តើមធ្វើគឺសាងសង់ព្រះវិហារតែម្តង ខុសនឹងពាក្យសុំដែលដាក់ថាកែប្រែសាឡុម ទៅជាព្រះវិហារ នេះជាបញ្ហាមួយ។ ចំណែកបញ្ហាមួយទៀត ពេលសាងសង់ព្រះវិហារ គឺសាងសង់លើទីទួលបុរាណ ដែលទួលបុរាណនេះស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌ របស់ក្រសួងវប្បធម៌ ។ ដោយសារតែបញ្ហានេះហើយទើប មន្ត្រីជំនាញចុះទៅហាមឃាត់ ចំនួនពីរលើក តែចៅអធិការ និងប្រជាពល រដ្ឋមិនយល់ព្រម ទើបធ្វើអោយមានការទំនាស់ថ្នាំងថ្នាក់ជាមួយគ្នា ដោយសារតែមិនយល់ច្បាប់ ។
កន្លងមកលោកប្រធានមន្ទីរវ្បធម៌ខេត្ត បានពន្យល់ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋថា ទីទួលបុរាណខាងលើ មានឈ្មោះ ទួលវិហារចាស់ គឺស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌ ប្រសិនបើយើងធ្វើព្រះវិហារពីលើគ្រិះចាស់នេះវានឹងបាត់បង់ទួលបុរាណ រួមនិងវត្ថុបុរាណមួយចំនួនទៀត ដែលនៅសេសសល់កប់ក្នុងដី និងនៅរាយប៉ាយនៅទីនេះ ។ ប៉ុន្តែ ព្រះសង្ឃនិង ប្រជាពលរដ្ នៅតែអះអាងថាៈ បានធ្វើលិខិតសុំច្បាប់ត្រឹមត្រូវហើយ ហេតុម្តេចត្រូវហាមឃាត់ ។តាមពិតការសុំច្បាប់គឺសុំច្បាប់កែប្រែសាឡុម ទៅជាព្រះវិហារ គឺវាខុសគ្នានិងពាក្យសុំសាងសង់ព្រះវិហារ ។តាមការបញ្ជាក់ពីលោកប្រធានមន្ទីរវប្បធម៌ខេត្តអោយដឹងថា៖ ទួលបុរាណខាងលើនេះបានកសាងក្នុងសតវត្សទី១១ មុនសម័យអង្គរ នេះបើមើលតាមរចនាបទដែលសេសស់លើរូបចម្លាក់ផ្តែ និងគ្រិៈសំណង់ដែលបន្សល់ទុកនៅលើទួលបុរាណនេះ ។
ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីមានក្រុមនាយកដ្ឋានអន្តរក្រសួងមកពន្យល់ដោះស្រាយ គឺបានទទួលផលជាវិជ្ជមានហើយ ដោយភាគីព្រះសង្ឃព្រមផ្អាកការសាងសង់ព្រះវិហាររយៈពេល១ខែ ដោយទុកអោយមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចុះសិក្សាស្រាវជ្រាវ រុករកនិង ប្រមូលយកវត្ថុបុរាណដែលនៅសល់ មានសសរពេជ ចម្លាក់ផ្តែ ថ្មបាយក្រៀម និងវត្ថុបុរាណមួយចំនួនទៀតយកទៅរក្សារទុករួចរាល់ ទើបអនុញ្ញាតអោយសាងសង់ព្រះវិហារបន្តទៀត ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tSlNAy