ម៉ូតូ២គ្រឿងជិះមិនប្រយ័ត្ន ខណៈរថយន្តនៅពីមុខជាន់ហ្វ្រាងឈប់ បានបុកពេញទំហឹងបាក់ជើងម្នាក់ ស្រាលម្នាក់
ខេត្តព្រះសីហនុ៖ បុរស២នាក់បានរបួសធ្ងន់ និងស្រាលបន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្នទៅបុកគូទរថយន្តពេញទំហឹង ខណៈពេលរថយន្តជាន់ហ្វ្រាំងឈប់យ៉ាងបន្ទាន់នៅកណ្តាលផ្លូវ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចក្បែររោងចក្រប្រេងកាត ស្ថិតក្នុងភូមិ៤ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នគរបាលចរាចរណ៍ជើងគោកខេត្តព្រះសីហនុបានអោយដឹងថា ជនរងរបួស ទាំងពីរនាក់មានឈ្មោះ សុខ សារី ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរនិស្សិតមានទីលំនៅក្រុមទី៣០ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បើកបរម៉ូតូម៉ាកស្មាស់រីវូពណ៌ខ្មៅ ព្រះសីហនុ1C-4167 ជិះក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសរថយន្តបង្ក) រងរបួសស្រាល និងម្នាក់ទៀតមានឈ្មោះ យឹម ចាន់ធី អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទៅលំនៅក្រុងព្រះសីហនុ ជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-1409 ជិះក្នុងទិសដៅពីជើងទៅត្បូង(ស្របទិសរថយន្តបង្ក) រងរបួសធ្ងន់បាក់ជើងស្តាំ។
ចំណែករថយន្តបង្ក ម៉ាកកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-2993 បើកបរដោយឈ្មោះ ចាយ ភេទ ប្រុស អាយុ២៥ឆ្នាំ មានមុខរបរព្រូរថយន្តសូគីម៉ិច បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។ ហើយរថយន្តនោះជាកម្មសិទ្ធិរបស់ឈ្មោះឆេន ទូច ភេទ ប្រុស អាយុ៣៨ឆ្នាំ មានមុខរបរម្ចាស់សិប្បកម្មទឹកសុទ្ធស្ទឹងហាវ មានទីលំនៅភូមិ៣សង្កាត់លេខ០១ ក្រុង ខេត្តព្រះសីហនុ ខណៈជួបហេតុនោះបានអង្គុយក្បែរ។
តាមការអះអាងពីឈ្មោះ សុខ សារី ជាជនរងរបួសស្រាលនោះបានអោយដឹងថា នៅមុនកើតហេតុពួកខ្លួនទាំងពីរសុទ្ធតែមកពីស្រុកស្ទឹងហាវ ជិះម៉ូតូម្នាក់មួយដោយ រូបគាត់ជាអ្នកជិះនាំមុខ រហូតមកដល់ចំណុចកើតស្រាប់តែវ៉ាក់ជាមួយរថយន្តមួយគ្រឿងដែលបានឈប់កណ្តាលថ្នល់ធ្វើអោយរូបគាត់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្ត ភ្លាមនោះម៉ូតូរបស់ឈ្មោះ ចាន់ ធី បានបុកម៉ូតូរបស់គាត់ពីក្រោយ និងបន្តទៅគូទរថយន្តពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់(បាក់ជើងឆ្វេង)។
បន្ទាប់ពីកើតហេតុទាំងរថយន្តទាំងម៉ូតូ កំពុងត្រូវបានសមត្ថកិច្ចចរាចរណ៍ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយនៅពេលបន្ទាប់៕ ដោយ សមុទ្រខៀវ
http://ift.tt/1cijMSj