តុលាការចុះវាស់វែងដីទំនាស់ស្តង់លក់ឈើមួយកន្លែង ខ្ចីពីសង្កាត់ផ្សារឆ្នាំងជិត១៥ឆ្នាំហើយមិនព្រមឲ្យសង្កាត់វិញ
ខេត្តកំពង់ឆ្នាំង៖ ក្រោយពីលោកស្រី គឹម លុយ ចៅក្រមសាលាដំបូងខេត្ត បានបើកសាវនាកាសួរនាំផ្ទាល់មាត់ មិនបានជោជ័យ លើសំណុំរឿងលេខ៤០១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ របស់លោកស្រី ភួន ឈុយអេង ចៅសង្កាត់ផ្សារឆ្នាំងប្តឹងទាមទារដីរបស់សង្កាត់ផ្សារឆ្នាំង ដែលឈ្មោះ សុខ សុភា ខ្ចីធ្វើរោងលក់ឈើជិត១៥ឆ្នាំមកហើយមិនព្រមអោយសង្កាត់វិញ។ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ លោកស្រីចៅក្រម និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមន្ត្រីភូមិបាលក្រុងកំពង់ឆ្នាំងបានចុះពិនិត្យការវាស់វែងដីទំនាស់ជាក់ស្តែង ដោយមានការចូលរួមពីភាគីទំនាស់ទាំងពីរផងដែរ។
យោងឯកសាររបស់លោកស្រីចៅសង្កាត់កំពង់ឆ្នាំងបានអោយដឹងថា៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ឈ្មោះ សុខ សុភា រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានធ្វើលិខិតខ្ចីដីសង់ស្តង់ លក់ ឈើ២កន្លែង ដែលមានទំហំ២៥គុណនឹង២០ម៉ែត្រ តែម្ចាស់ស្តង់ឈើមួយកន្លែងគេបានប្រគល់ដីអោយ សង្កាត់វិញហើយ។ ដោយឡែកនៅក្នុងឆ្នាំ២០០០នោះដែរ ក៍មានឈ្មោះ សាន់ ឆៃ និងឈ្មោះ សាន់ វណ្ណដេត បានធ្វើលិខិតខ្វីដីសង្កាត់ផ្សារឆ្នាំង សង់ស្តង់លក់ឈើ២កន្លែងផងដែរ ប៉ុន្តែនៅពេល សង្កាត់ ទាមទារ ដីនោះ វិញឈ្មោះ សាន់ ឆៃ និងឈ្មោះ សាន់ វណ្ណដេត ក៍បានប្រគល់ដីនោះអោយ សាលាសង្កាត់ វិញហើយដែរ។
ដោយឡែកលោក សុខសុភា វិញពេលចៅសង្កាត់ផ្សារឆ្នាំងទាមទារយកដីនោះវិញកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៣ លោកក៍បានសន្យាយល់ព្រមរុះរើស្តង់ឈើចេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៣ ដោយ បានផ្តិតស្នាមមេដៃលើកំណត់ហេតុយ៉ាងច្បាស់លាស់។ប៉ុន្តែដល់ថ្ងៃកំណត់រុះរើ លោក សុខ សុភា មិនបាន រុះ រើស្តង់ឈើចេញពីដីសង្កាត់ផ្សារឆ្នាំងតាមការសន្យាខាងលើរបស់ខ្លួនឡើយ គឺនៅតែបន្តគ្រប់គ្រងដីនេះ រហូតមកដល់បច្ចុប្បន្ន មិនតែប៉ុណ្ណោះនៅពេលលោកស្រីចៅក្រមសាកសួរ លោក សុខ សុភា បានឆ្លើយថា បានទិញដីនេះតៗពីគេមក ប៉ុន្តែមិនមានឯកសារអ្វីជាភស្តុតាងបង្ហាញតុលាការ និងអាជ្ញាធរសង្កាត់ឡើយ។
លទ្ធផលនៃការវាស់វែងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ លោក ស៊ិន សូត្រ ប្រធាន ភូមិបាល ក្រុងកំពង់ឆ្នាំងជាអ្នកវាស់វែងដីទំនាស់ខាងលើនេះបានអោយដឹងថា៖ ដីសរុបរបស់សាលាសង្កាត់មាន ទំហំក្បាល ដីជាប់ថ្នល់កៅស៊ូប្រវែង១៨,៩០ម៉ែត្រ ដោយឡែកដីសាលាសង្កាត់កំពុងធ្វើការបច្ចុប្បន្ន មាន ក្បាលដីប្រវែង៨,៤០ម និងបណ្តោយ១៤,៤០ម។ចំណែកដីដែលលោកសុខ សុភា កំពុងគ្រប់គ្រងជាដីរបស់ សាលា សង្កាត់ផ្សារឆ្នាំងមានក្បាលដីប្រវែង១០,៥០ម និងបណ្តោយ២១,៧០ម។
លោក ស៊ិន សូត្រ បានបញ្ជាក់អោយដឹងថា៖ដីទាំងអស់ខាងលើនេះជាដីចំណីទន្លេ តាមផ្លូវច្បាប់រដ្ឋមិន អនុញាត អាចចេញប័ណ្ណកម្មសិទ្ធស្របច្បាប់អោយបុគ្គលឯកជនណាមួយបានទេ បូកទាំងដីនិងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិសំរោងក៍មិនអាចចេញប័ណ្ណកម្មសិទ្ធស្របច្បាប់អោយបានដែរ។
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ក៍មានប្រជាពលរដ្ឋប្រមាណជាង៥០នាក់នៅក្នុង សង្កាត់ផ្សារឆ្នាំង ក៍បានមកចូលរួមមើលការវាស់វែងនេះដែរ ហើយពួកគាត់បានអះអាងថា៖ដីដែលលោក សុខ សុភា ធ្វើជា ស្តង់លក់ឈើមកដល់សព្វថ្ងៃនេះគឺជាដីរបស់សាលាសង្កាត់ផ្សារឆ្នាំង និងលោក សុខ សុភា រកស៊ីមាន បានធ្វើផ្ទះថ្មក៍ដោយសាដីនេះដែរ ល្មមប្រគល់ដីនេះអោយសាលាសង្កាត់វិញហើយ ព្រោះសាលាសង្កាត់ ទាម ទារយកដីនេះមកសាងសង់សាលាសង្កាត់ថ្មីដើម្បីបំរើប្រជាពលរដ្ឋ មិនមែនទាមទារមកធ្វើជាកម្មសិទ្ធ ឯកជនឡើយ។
ទាក់ទងនឹងទំនាស់ខាងលើនេះ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ លោក សុខ សុភា និងលោក មេធាវីរបស់គាត់បានបដិសេធន៍មិនផ្តល់ការសម្ភាសដល់អ្នកសារព័ត៌មានក្នុងរឿងខាងលើនេះឡើយ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Efhucd