លោក មួង ដារ៉ា មេគយច្រកជ្រៃធំ នៅតែសប្បាយប្រមូលលុយពី ឈ្មួញនាំចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ច្រកហោប៉ៅធ្វើមានធ្វើបាន និងមួយចំណែកឧបត្ថម្ភឆ្នាំងបាយមេៗ
ខេត្តកណ្តាល ៖ សព្វថ្ងៃនេះសកម្មភាព ដឹកជញ្ជូនទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ច្រកជ្រៃធំ មកពីប្រទេសវៀតណាម បានក្លាយជាប្រភពចំណូល មិនចេះរីងស្ងួតរបស់ លោក មួង ដារ៉ា ដែលជាប្រធាន ការិយាល័យគយប្រចាំច្រកជ្រៃធំ ហើយជាធម្មតា លោក មួង ដារ៉ា បានយកឥទ្ធិពលរបស់មន្ត្រីធំៗ មកបន្លាចក្រុមឈ្មួញ ឲ្យបង់លុយទៅតាមការតម្រូវ ជាថ្នូរនៃការសម្របសម្រួល ឲ្យមានការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកជ្រៃធំ ដោយរលូនមិនចាំបាច់ត្រួតពិនិត្យ ដែលផ្ទុយពីគោលការណ៍រាជរដ្ឋាភិបាលតម្រូវឲ្យប្រមូលពន្ធ ឲ្យបានមួយរយភាគរយ ដើម្បីបង្កើនចំណូលថវិកាជាតិ។ លោក មួង ដារ៉ា ចាប់តាំងពីឡើងធ្វើជាមេគយ ប្រចាំច្រកជ្រៃធំ ជីវភាពរបស់គាត់ មានការផ្លាស់ប្តូរ លឿនសម្បើមណាស់។
ប្រភពបានបង្ហើបថា ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីដឹកទំនិញ ឆ្លងកាត់ច្រកជ្រៃធំ មានទំនាក់ទំនងល្អ ជាមួយលោកមួង ដារ៉ា ដូចជាឧត្តមសេនីយ៍មួយចំនួន ដែលនាំចូល ប្រភេទគ្រឿងសំណង់ មានដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញចាប់ហួយ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ប្រើប្រាស់រថយន្ត ផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវនិងស្ពាន តាមផ្លូវជាតិលេខ២១ ច្រើនឆ្នាំមកហើយ មិនសូវមានការត្រួតពិនិត្យនោះទេ។ គេដឹងថា មន្ត្រីគយរបស់លោក មួង ដារ៉ា បានជួយសម្របសម្រួល ក្រូមេឯកសារ ឲ្យក្រុមឈ្មួញនាំចូលទំនិញ បង់ពន្ធមិនគ្រប់ នាំឲ្យខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ មិនដែលមាននរណា ហ៊ានសួរនាំនោះទេ ព្រោះលោក មួង ដារ៉ា បានអួតប្រាប់គេថា គាត់ប្រឹងរកចំណូល ថ្លៃបាយជូនថ្នាក់លើ។
សកម្មភាពដោយឡែកកូនចៅ របស់លោក មួង ដារ៉ា បានឃុបឃិតឲ្យ មានការហូរចូលជ្រូកក្រហម ឬជ្រូកត្រចៀកខៀវ មាន់ ទា ត្រីឆ្តោ និងម្ហូបអាហារ មានសារធាតុគីមី ជាពិសេសថ្នាំពេទ្យក្លែងក្លាយមកពីប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ យ៉ាងប្រសេកប្រសាច ក៏ជាប្រភពចំណូលមិនធម្មតា សម្រាប់ជំនាញគយ របស់លោក មួង ដារ៉ា ដែលអាចប្រមូលលុយ យកទៅធ្វើមានធ្វើបាន តាមរបៀបពុករលួយ មិនខ្វល់ខ្វាយចំពោះការអំពាវនាវរបស់សម្តេចតេជោ និងការរឹតបន្តឹង របស់លោក ឱម យ៉ិនទៀង ម្តងណាឡើយ ដូចដែលមន្ត្រីតូចតាចមួយចំនួន បានបញ្ជាក់ និងរិះគន់ថា លោក មួង ដារ៉ា មិនដែលព្រឺរោមជើង ចំពោះចំណាត់ការរបស់ អង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែប៉ុនសរសៃសក់។
ថ្មីៗនេះ ច្រកសម្ងាត់មួយត្រូវបង្កើតឡើងនៅ ក្បែរនឹងច្រកអន្តរជាតិជ្រៃធំ ស្ថិតនៅក្នុងភូមិ៧ ឃុំសំពៅលូន ស្រុកកោះធំ។ ច្រកសម្ងាត់នេះ គឺនៅនឹងក្បែរច្រាំងទន្លេបាសាក់ ទំនិញគេច ពន្ធស្ទើរតែគ្រប់ប្រភេទ កំពុងតែហូរចូលពីប្រទេសវៀតណាម ហើយទំនិញចូលមក គឺត្រូវគេដឹកតាមទូកមកទម្លាក់នៅទីនោះ ដើម្បីផ្ទេរតាមរថយន្តនាំចូលមកកាន់ទីក្រុងភ្នំពេញ។ ហើយទំនិញដែលត្រូវនាំចូលមកតាមច្រកនេះ មានដូចជាបន្លែ ផ្លែឈើ និងបង្កប់ទំនិញជាច្រើនប្រភេទទៀត។ ច្រកមួយនេះ គឺគ្រប់គ្រងដោយមន្ត្រីជំនាញ នៃច្រកទ្វារអន្តរជាតិជ្រៃធំ ក្រោមការចាត់ចែងពីលោក មួង ដារ៉ា ដែលវាគឺជាច្រកមួយបន្ថែមទៀតសម្រាប់ឲ្យពួកគេរកលុយដាក់ក្នុងហោប៉ៅឆៅៗ៕ សហការី
http://ift.tt/1HJThAO