ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវចោរឆក់កាបូបបាត់អស់ ប្រាក់ដុល្លាចំនួន២២៨០ដុល្លារ ប្រាក់រៀលចំនួន៤លាន គ្រឿងអលង្ការគិតជាប្រាក់ដុល្លា១៥០០ដុល្លា
ខេត្តរតនគិរី៖ ស្ត្រីវ័យ៥៥ឆ្នាំ ត្រូវចោររហ័សដៃឆក់កាបូបបានសម្រេចគេចខ្លួនបាត់ធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអធិការក្រុងរវល់ពេញមួយយប់។ ករណីឆក់កាបូបនេះកើតឡើងនៅវេលា ម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចក្បែរមន្ទីរវប្បធម៌ ស្ថិតនៅក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែង ក្រុងបាលុង ខណៈស្ត្រីរងគ្រោះបានជិះម៉ូតូមកទិញបង្អែមនៅផ្សារបានលុង ហើយត្រឡប់មកផ្ទះវិញស្រាប់តែមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យក៏បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកមិនស្គាល់មុខបានជិះម៉ូតូមកឆក់កាបូបបណ្តាលឲ្យស្ត្រីរងគ្រោះដួល ហើយចោរដៃស្អិតបានឆក់យកកាបូបទៅបាត់។
ស្ត្រីរងគ្រោះនោះមានឈ្មោះ យាយ ណម ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅដ្ឋានភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1A-7999 រងរបួសស្រាល។ រីឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។សម្ភារៈដែលបាត់បង់នៅក្នុងកាបូបរួមមាន ប្រាក់ដុល្លារចំនួន២២៨០ដុល្លារ ប្រាក់រៀលចំនួន៤លានរៀលគ្រឿងអលង្ការគិតជាប្រាក់ដុល្លា១៥០០ដុល្លា និងកាតអេធីអឹមចំនួន១សន្លឹកផងដែរ។ បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងកម្លាំងនគរបាលអធិការក្រុងបានលុងកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ៕ ដោយ លី វណ្ណៈ
http://ift.tt/1JtlzQK