យុវជនពីរនាក់ជិះម៉ូតូបោះពួយឆ្លងផ្លូវបំបែកជាបួនមិនបង្អង់បានបុករថយន្តដឹកដីបើកកាត់ទទឹងពីមុខចំពេញទំហឹងដួកបោកផ្ទប់នឹងថ្នល់ប្រកាច់សន្លប់ធំ
ខេត្តរតនគិរី៖ យុវជនពីរនាក់ជិះម៉ូតូមិនពាក់មួកការពារ ក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកជា៤ខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះឡានដឹកដី១គ្រឿងបើកទទឹងខ្វែងទិសគ្នាមកដល់ចំណុចនោះ ហើយម៉ូតូមិនបានបន្ថយល្បឿនឡើយ បណ្តាលឲ្យបុកចំផ្នែកចំហៀង ខាងស្តាំនៃរថយន្តពេញទំហឹងបណ្តាលឲ្យយុវជនជិះ លើម៉ូតូទាំងពីរនាក់ដួលបោកក្បាលផ្ទប់នឹងថ្នល់ បែកមុខមាត់ហូរឈាម សន្លប់សន្លប់ស្តូកស្តឹងកាលពី វេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើគេឃើញរថយន្តដឹកដីមួយគ្រឿងបើកបរទិសពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ផ្លូវបំបែកជា៤ ម៉ូតូ១គ្រឿងក៏បានបើក មកបុកចំហៀងផ្នែកខាងស្តាំនៃរថយន្តពេញទំហឹង បណ្តាលឲ្យយុវជនជិះលើម៉ូតូទាំងពីរនាក់ដួលបោកផ្ទប់ក្បាលទៅនឹងថ្នល់ជាតិរងរបួសធ្ងន់បែកមុខមាត់ហូរឈាមសន្លប់មិនដឹងខ្លួន នេះក៏ដោយសារអ្នកជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព។
ប្រភពបានបន្តថា ជនរងរបួសទាំងពីរនោះទី១មានឈ្មោះ វ៉ាត គោ ភេទប្រុស អាយុ២០ឆ្នាំ ជន ជាតិខ្មែរ មុខរបរធ្វើសំណង់ រងរបួសធ្ងន់ ជាអ្នកឌុប ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ1A-8693, ទី២ឈ្មោះ ភ្លៀក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ អ្នកទាំង២មានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។ ចំណែករថយន្តដឹកដីមិនស្គាល់អតសញ្ញាណនោះដឹងថាម៉ូតូបុកហើយក៏ជាន់ ល្បឿនបន្ថែមបើកគេចបាត់ស្រមោលតែម្តង។ បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯរថយន្តដឹកដីសមត្ថកិច្ចកំពុងស្រាវជ្រាវរកបន្តទៀត៕ ដោយ លី វណ្ណៈ
http://ift.tt/1S0YTej