ល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបងបានបើកលេងជាថ្មីតាមរដូវកាល បន្ទាប់ពីថៅកែមេល្បែងទឹកភ្លៀងបានស្ពាយលុយដើរសែនព្រេនសមត្ថកិច្ចតាមស្ថាប័នក្នុងខេត្តត្រូវរូវគ្នារួចរាល់មក
ខេត្តបាត់ដំបង៖ ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវស្សា គឺចាប់ពីដើមខែឧសភានេះទៅ ជាទម្លាប់នៅក្នុងក្រុងបាត់ដំបងគេសង្កេតឃើញក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងបានប្រមូលជើងគ្នា រៀបចំបន្តលេងល្បែងស៊ីសងខុសច្បាប់នេះនារដូវកាលថ្មី ។ ហើយក៏ជាពេលវេលារបស់ថៅកែបនល្បែង ត្រូវរួសរាន់បង់ប្រាក់ទៅឲ្យគ្រប់ស្ថាប័នមានអំណាចពាក់ព័ន្ធក្នុងដើមខែឧសភានេះដូចសព្វមួយដងដែរ ដើម្បីចៀសវាងការបង្ក្រាបណាមួយកើតឡើងដែលរំខានដល់ដំណើរការលេងរបស់ពួកគេ។ ជាទម្លាប់គេសង្កេតឃើញថា ល្បែងភ្នាល់ទឹកភ្លៀងនោះរយៈពេលបើកលេងចំនួន៥ខែចាប់ពីខែឧសភាដល់ខែតុលា ព្រោះខែក្រោយពីខែតុលាធាតុអាកាសបានខ្សត់ទឹកភ្លៀង។ រាល់ឆ្នាំកន្លងទៅទាំងមេបនល្បែង និងអ្នកចាក់ភ្នាល់ បានជួបជុំគ្នាលេងដោយរលូន ឮថាសមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធបានទទួលសំណែនគ្រប់ៗគ្នា រហូតពួកអាមីអាថោងកូនជឹងលោកថៅកែមេល្បែងទឹកភ្លៀងនោះទម្លាយថាក្នុងមួយរដូវៗ (១ឆ្នាំ) បានចំណាយប្រាក់បង់ឲ្យស្ថាប័នសមត្ថកិច្ច នៅខេត្តបាត់ដំបង ជាង១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែន្រាក់ទាំងនោះមិនបានចូលក្នុងហិបថវិកាជតិនោះទេ បានត្រឹមតែនៅតាមហោបៅរបស់មន្ត្រីជាខ្នងបង្អែកនោះតែប៉ុណ្ណោះ។
គេសង្កេតឃើញការបើកលេងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នេះ មានលក្ខណៈ ទ្រង់ទ្រាយធំដោយក្នុងមួយថ្ងៃទៅមួយថ្ងៃ ហើយថៅកែបនល្បែងនេះអាចរកចំណូលបានរាប់សែនដុល្លារអាមេរិក។ ទីតាំងល្បែងភ្នាល់ទឹកភ្លៀងនោះមានចំនួនពីរកន្លែង ទីមួយនៅចំណុចក្រោយវត្តទួលដូនប៉ុកក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបងជាកន្លែងធំ និងមួយទៀតនៅត្រង់ចំណុចវាលស្រែ១០០ ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ទីតាំងទាំងពីរនេះជាធម្មតា គេមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច ដូចជា នគរបាល និងអាវុធហត្ថបញ្ចេញស្នាដែបង្ក្រាបម្តងណាឡើយ ផ្ទុយទៅវិញមេបនល្បែងនេះ និងមនុស្សមួយចំនួន តែងតែអះអាងប្រាប់អ្នកលេងល្បែងនោះកុំឲ្យភ័យព្រួយថាគ្មានអ្នកចុះចាប់ទេ ព្រោះលោកថៅកែ បានបង់ខែជូនលោកធំក្នុងខេត្តអស់ហើយ។
នៅទីនោះគេសង្កេតឃើញក្រុមមនុស្សទៅលេងដោយមានសភាពអ៊ូរអដោយប្រើវិទ្យុទាក់ទង (Icom) ទំនាក់ទំនងគ្នាផ្តល់ព័ត៌មានអំពីស្ថានភាពមេឃទៅកាន់បណ្តាក្រុមអ្នកលេងដទៃទៀតដោយសម្លេងស្រែកឡូឡាយ៉ាងកងរំពង ដែលក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងនោះមិនខ្វល់អ្វីទាំងអស់ ព្រោះតែមានជំនឿថាលោកថៅកែល្បែងភ្នាល់ទឹកភ្លៀងនេះ បានយកប្រាក់ដុល្លារទៅចង លោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចអស់ទៅហើយ។ ករណីល្បែងស៊ីសងភ្នាល់ទឹកភ្លៀង រហូតមានបង្កប់ល្បែជាច្រើនប្រភេទ ពេញមួយឆ្នាំកន្លងទៅ លោក ច័ន្ទ សុផល គណៈបញ្ជាការឯងភាពខេត្ត ពុំបានមានវិធានការដឹកនាំស្ថាប័នជំនាញថ្នាក់ក្រោមបង្ក្រាបនោះទេ។ ករណីនេះបានធ្វើឲ្យមានការរិះថា លោក ច័ន្ទ សុផល ទុកឲ្យបនល្បែងស៊ីសងទ្រង់ទ្រាយដ៏ធំនេះធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត ខណៈវាជាប្រភពបង្កភាពអសន្តិសុខដល់ពលរដ្ឋស្លូតត្រង់។
ថ្មីៗនេះក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រតិកម្មខណៈអាជ្ញាធរខេត្ត-ក្រុងតាមមូលដ្ឋានចុះខ្សោយអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយសង្កេតឃើញភាពអសកម្មកម្រើកឡើង លោកបាន ជម្រុញដល់អាជ្ញាធរចាប់យកមកអនុវត្តឲ្យបានខ្លាំងក្លាដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្ថេរភាពសង្គម។ ទន្ទឹមគ្នានេះដែរ ពលរដ្ឋក្នុងក្រុងបាត់ដំបងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះ លោកអភិបាលខេត្ត ច័ន្ទ សុផល ថានឹងយកចិត្តទុកដាក់លុបបំបាត់បនល្បែងភ្នាល់ទឹកភ្លៀងដែលបង្កប់ទៅដោយល្បែងចម្រុះនោះ ដើម្បីបញ្ចប់ការភ័យព្រួយរបស់ប្រជាពលរដ្ឋ ព្រោះវាជាប្រភពនៃអសន្តិសុខសង្គម ហើយរំពឹងថានឹងដាក់បទបញ្ជាទៅលោក ស ថេត ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្ថាប័នពាត់ព័ន្ធ រួមគ្នាកំចាត់ឲ្យខាងតែបាននូវរបស់ដែលគេហៅថាប្រឆាំងទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៕ ដោយ នេនវត្តដំរីស
លោក ច័ន្ទ សុផល អភិបា នៃគណៈអភិបាលខេត្តបាត់ដំបង ទីតាំល្បែងភ្នាល់ទឹកភ្លៀង នៅចំណុចវាលស្រែ១០០
ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
http://ift.tt/1KmSDIu