គំនរឈើរាប់ម៉ឺនកំណាត់ឈ្មួញដឹកមកពីតំបន់ស្រែពក មកស្តុកដើម្បីធ្វើជំនួញ
ខេត្តរតនគិរី៖ ប្រទះឃើញគំនរឈើប្រណីតរាប់ម៉ឺនកំណាត់នៅត្រង់ចំណុចចំការកៅស៊ូមួយកន្លែងតាមដងផ្លូវលំមួយខ្សែរ ស្ថិតក្នុងភូមិទុះច្រិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ជាប្រភេទឈើផ្ចឹក និងឈើសុក្រំ ដែលមានទំហំ(១២x១២x៤ម៉ែត្រ) ដប់ពីរបួនជ្រុងប្រវែង៤ម៉ែត្រ រាប់ម៉ឺនកំណាត់ដែលជារបស់ឈ្មួញមិនស្គាល់អត្តសញ្ញាណដឹកជញ្ជូនមកស្តុកគរទុកទើបតែថ្មីៗកន្លងមកនេះ។
តាមប្រភពពីប្រជាពលរដ្ឋដែលមានផ្ទះក្នុងចំការនៅក្បែរទីតាំងគំនរឈើនោះ បាននិយាយថា ឈើដែរមានរាប់ម៉ឺនកំណាត់ខាងលើនេះ គឺឈ្មួញដឹកតាមរថយន្តម៉ាកយីឌុបផ្លូវប្រាំជាច្រើនគ្រឿង ដែលដឹកចេញមកពីតំបន់ស្រែពក ព្រំប្រទល់ស្ទឹងត្រែង រតនគិរី មកស្តុកលាក់ទុកសម្រាប់ធ្វើជំនួញ។ បើតាមសម្តីពីឈ្មោះ ប៊ែន ស៊ីយ៉ា ជាមេការមើលការខុសត្រូវឈើប្រណីតផ្ទាល់ បានឲ្យដឹងថា លោកគ្រាន់តែដេកចាំឈើ និងចំការអោយគេតែប៉ុណ្ណោះ រីឯម្ចាស់ឈើ និងម្ចាស់ចំការលោកមិនបានដឹងនិងស្គាល់នោះទេ។
ជុំវិញបញ្ហាខាងលើ លោក ធឿន ប៊ុនធាង អភិបាលគណៈអភិបាលស្រុកកូនមុំបានឲ្យដឹងតាមទូរស័ព្ទថា លោកនឹងមានវិធានការណ៍រៀបចំកម្លាំងក្រុមការងារចុះទៅផ្ទាល់ភ្លាមបង្ក្រាបទីតាំងបទល្មើសស្តុកលាក់ ឈើខាងលើនេះជាបន្ទាន់។ ចំណែកលោកហុង វណ្ណារាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់គ្រប់គ្រងចំនួនបីស្រុក ស្រុកកូនមុំ លំផាត់ និងក្រុងបានលុង ក្រុមការងារអង្គភាពអ្នកព័ត៌មានយើងទូរស័ព្ទចូល លោកលើកទូរស័ព្ទឆ្លើយត្រឹមតែអាឡូៗ ពីរទៅបីដងរួចបិទទូរស័ព្ទ ។ ដោយឡែកលោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ប្រចាំខេត្តរតនគិរី ទូរស័ព្ទមិនអាចទំនាក់ទំនងបានទេពន្យល់រឿងនេះបានទេ៕ លីវណ្ណៈ
http://ift.tt/1LuxXSu