ជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបោះពួយបុករឺម៉កចំពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបររឺម៉កម្នាក់ខ្ទាតបោកក្បាលថ្មបែកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន បុករឺម៉កចំពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបររឺម៉កម្នាក់ខ្ទាតបោកក្បាលនិងថ្នល់ បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២0១៦ នៅចំណុចផ្លូវម៉ៅសេងទុង កែងនឹងផ្លូវត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាជនរងគ្រោះខាងលើ ឈ្មោះ សួស នាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរដឹកគ្រឿងសមុទ្រ ស្នាក់នៅម្ដុំតាខ្មៅបានបើករ៉ឺម៉កតែម្នាក់ឯងចេញពីតាខ្មៅ ដើម្បីទៅដឹកឥវ៉ាន់នៅម្តុំត្រឡោកបែក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ ស្រាប់តែ រថយន្តបង្កម៉ាក LEXUS ពាក់ស្លាកលេខភ្នំពេញ 2I-9998 បើកបរដោយបុរសជាជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុករឺម៉កម៉ូតូចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កខ្ទាតទៅបុកនឹងបង្គោល ស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដើមទៀតចំណែកឯជនរងគ្រោះនោះ បានផ្លោងទៅបោកក្បាលនឹងថ្មស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុតែម្ដង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបង្ក បានបន្ថែមល្បឿនបើកគេចខ្លួន រហូតទៅ ដល់ ផ្លូវព្រះមុន្នីវង្ស ខាងត្បួងស្ទុបបូកគោ ប្រហែល៣០០ម៉ែត្រ ដោយសាររថយន្តបង្កនោះ បានបែកកង់មុខទៅលែងរួច ស្របពេលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ទើបឃាត់ខ្លួនជនបង្កបាននៅទីនោះ។ សមត្ថកិច្ចមូលដ្ឋានបានយករថយន្តបង្ករួមទាំងម្ចាស់ និងរ៉ឺម៉ក់ទៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះ ត្រូវបានបងប្អូនមកទទួលយកទៅ ធ្វើបុណ្យ នៅឯខេត្តស្វាយរៀង៕
http://ift.tt/1WxGkz0