យុវជន២នាក់ កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកចំពីមុខពេញទំហឹងរបួសធ្ងន់ទាំងពីរនាក់
ខេត្តកណ្តាល ៖ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តបុកចំពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង២០ និង៥៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៥ និង២៦ ភូមិអង្គស្នួល ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល ។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។
នគរបាលបានឲ្យដឹងថា រយន្តបង្កម៉ាកស្តារិច ពណ៌ប្រផេះពាក់ស្កាកលេខភ្នំពេញ 2I-2533 បើកបរដោយឈ្មោះ ម៉ិល វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែកម៉ូតូរងគ្រោះម៉ាកសង់C១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1E-5698 មិនពាក់មួកសុវត្តិភាព បើកបរឈ្មោះ ស៊ុម និត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបមិត្តភ័ក្ត្រ ឈ្មោះ ប៉ែន សាលីន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនរាជាធានីភ្នំពេញ មុខរបរកម្មករទាំង២នាក់។
នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើត ហេតុ ស្រាប់ឃើញ រថយន្តបង្កបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្ទាន់។ ក្រោយពេលកើតហេតុ នគរបាលបាន ចុះទៅ ដល់ឃាត់ខ្លួន អ្នកបើកបររថយន្តបង្ក និងធ្វើការវាស់វែងរួចនាំទាំងអ្នកបើកបរ និងប្រមូលរថយន្ត ម៉ូតូទៅកាន់អធិការដ្ឋាន ដើម្បីកសាង សំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
http://ift.tt/1PEqwpP